សមត្ថកិច្ចចាប់ខ្លួនជនជាតិថៃពីរនាក់ ករណីចរាចរគ្រឿងញៀន ឆ្លងដែន ជាង៤៦០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា

ជនជាតិថៃចំនួនពីរនាក់ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ខ្លួន ករណី ចរាចរគ្រឿងញៀនឆ្លងដែន ជាង ៤៦០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា។

មន្ត្រីប្រឆាំងគ្រឿងញៀនបានឱ្យដឹងថាកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដឹកនាំដោយលោក វរសេនីយ៍ទោ ឃឹង សេរី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ទេព សំផន នាយការិយាល័យ ក៤ ចូលរួមសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវជាង ២ខែ និងឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា នៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២ នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្ត្រីប្រឆាំងគ្រឿងញៀនបន្តថា ប្រតិបត្តិការនេះ
ឃាត់ខ្លួនជនសង្ស័យ២នាក់ជនជាតិថៃ ៖
១.ឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ ១៩៩៣
២.ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ ១៩៨៩។

មន្ត្រីប្រឆាំងគ្រឿងញៀនបានបញ្ជាក់ទៀតថា បានដកហូតវត្ថុតាង ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៦៥ដុំ ស្មើទម្ងន់ 465 kg 651 g ។ទូរស័ព្ទ ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕