លោក ដួង តារា ដឹកនាំអ្នកវិនិយោគ មកពីប្រទេសចិន ជួបស្វែងយល់ អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង

លោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី បានដឹកនាំគណៈប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិន ជួបពិភាក្សា ការងារនៅខេត្យបាត់ដំបង។

ការជួបពិភាក្សា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រផនរូបទៀត។

ក្នុងកិច្ចពិភាក្សា លោកដួង តារា បានលើកឡើងអំពីគោលបំណងចម្បង របស់ប្រតិភូ នៃអ្នកវិនិយោគិនមកពីប្រទេសចិន ដើម្បីឱ្យក្រុមវិនិយោគិន ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពល នៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូល នៃចំណេះដឹង ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបងគឺជាខេត្តគោលដៅ ដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ។

ក្លោក សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគិន មកពីប្រទេសចិន ដឹកនាំដោយ លោក ដួង តារា បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់ លើទឹកដីខេត្តបាត់ដំបង និងស្វែងយល់អំពីសក្ដានុពល ក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសធ្វើការនិយោគ នៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ។

អភិបាលខេត្តបានបន្តទៀតថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំង លើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារ ឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគ ផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្ម យកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផល កសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃ អស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផល ទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យ តែម្ដង មានផ្លូវរថភ្លើង។ ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿន ពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាប មកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាក មកកម្សាន្ត ខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ៕