នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន។

តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ឯកឧត្តមហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេរសារថា៖ ខ្ញុំបាទសូមថ្លែងអំណរគុណ ចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរ ចំពោះរូបខ្ញុំ ក្នុងឱកាសដែល ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមហ៊ុន ម៉ាណែតបន្តថា៖ ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម ថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍ ប្រទេស ប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណា ពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាព កម្ពុជានៅលើឆាកអន្តរជាតិ៕ដោយនាគខៀវ