យុវជនម្នាក់ បើកម៉ូតូបុកគោយន្តកន្ត្រៃដឹកអុស ពីក្រោយបណ្ដាលឲ្យស្លាប់

ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់ខណះបើកម៉ូតូបុកជាមួយគោយន្តកន្ត្រៃដឹកអុសពីក្រោយ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៤ និង ៤០នាទី ថ្ងៃទី ២៦ ខែកក្កដា  ឆ្នាំ២០២៣ រវាងម៉ូតូនិងគោយន្តកន្ត្រៃ

នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ លេខ358-359 ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់ នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AI 01-86 បើកបរក្នុងទិសដៅពីកើត ទៅលិច (ពាក់មួកសុវត្ថិភាព) បានបុកគោយន្តកន្ត្រៃមួយគ្រឿងម៉ាកKUBOTA ពណ៌ក្រហម មានសណ្តោងរ៉ឺម៉កដឹកអុសពីក្រោយ គ្មានផ្លាកលេខ បើកបរពីទិសខាងកើតទៅទិសខាងលិចបានឈប់លើចិញ្ជើមថ្មល់ខាងជើងក្បាលបែរទៅលិច ក្រោយកើតហេតុអ្នកបើកបរគោយន្ត (រត់គេចខ្លួនបាត់។

ប្រភពបានបន្តថាក្រោយ កើតហេតុកម្លាំងជំនាញបានចុះដល់បានត្រួតពិនិត្យវាស់វែង ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ អោយទៅគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវតាមរកអ្នកបើកបរគោយន្តកន្ត្រៃដើម្បីចាត់ការតាមនិតិវិធីច្បាប់។

បើតាមសមត្ថកិច្ចបន្តថាករណីនេះមូលហេតុគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿននិងអ្នកបើកបរគោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺផ្លូវពីក្រោយ៕ដោយនាគខៀវ