ខេត្តសៀមរាប៖មានការលើកឡើងថាបុគ្គលមានឥទ្ធិពលម្នាក់ នៅក្នុងខេត្តសៀមរាប បានធ្វើរបងថ្មកាត់អូរធម្មជាតិ នៅជើងភ្នំគូលែន។ បុគ្គលរូបនោះបានលបលួចធ្វើរបងថ្មរឹងមាំកាត់ទទឹងអូរធម្មជាតិមួយកន្លែងនៅជើងភ្នំគូលែន បំណងធ្វើជាកម្មសិទ្ធិឯកជន។
យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងដែលបុគ្គលមានអំណាចខាងលើ ធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រភពដដែលបានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបងប្អូនបង្កើត អតីតជាអភិបាលខេត្តសៀមរាប។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយ។
បើតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ទីតាំងខាងលើមកាលពីដើមឡើយ ជាចម្ការពនាចររបស់ប្រជាពលរដ្ឋ លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យលោក ឃឹម ប៉ូសាយ។
ប្រភពបន្តថា ចាប់តាំងពីបានទិញដីនោះមក លោកឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោកឃឹម ហ្វីណង់ ដែលជាក្មួយប្រុសបង្កើតរបស់លោក នៅធ្វើជាអភិបាលស្រុកបន្ទាយស្រីមកម៉្លេះ ប៉ុន្តែមិនអាចធ្វើបានដោយរលូនបានទេ ដោយសារមានបណ្តឹងពីប្រជាពលរដ្ឋ។ ប៉ុន្តែដោយឃើញឱកាសល្អ ក្នុងពេលអាជ្ញាធរ មានសមត្ថកិច្ចជាប់រវល់ក្នុងការរៀបចំសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជាតិ ខាងមុខនេះ លោកឃឹម ប៉ូសាយ ក៏បានលបលួចធ្វើម្តងទៀត។
លោក ឃឹម ប៉ូសាយ បានបដិសេធមិនធ្វើអត្ថាធិប្បាយ នោះទេនៅពេលអង្គភាពសៀមរាប ប៉ុស្តិ៍ បានទំនាក់ទំនងតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ ដោយបញ្ជាក់យ៉ាងខ្លីថា ជាដីរបស់ផ្កាយ៣ រួចក៏ចុចបិទទូរស័ព្ទ។
ទោះជាយ៉ាងណា លោកហ៊ាប ថា មេឃុំត្បែង បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍តាមទូរស័ព្ទថា សំណង់ខាងលើ ពិតជារបស់លោក ឃឹម ប៉ូសាយ ពិតប្រាកដមែន។ លោកមេឃុំបន្តថា ក្រៅពីធ្វើរបងសំណង់នោះ ក៏មានការសាងសង់អគារសំណង់នៅលើដីផងដែរ។ លោកថា សំណង់អគារ ក៏មិនមានច្បាប់ដែរ បើមានច្បាប់មែនគាត់បង្ហាញហើយ។
សូមជម្រាបថា អាជ្ញាធរស្រុកបន្ទាយស្រីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះទៅទប់ស្កាត់សំណង់ខាងលើនេះ ហើយកោះហៅ ម្ចាស់សំណង់ឲ្យចូលខ្លួនមកដោះស្រាយ នៅសាលាស្រុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ហើយពន្យាពេលទៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ដោយនាគខៀវ