សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត៥,៦% នៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់ ៦,៦% ដែលកំណើនទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។
សម្តេចបានមានប្រសាសន៍ថា កម្ពុជានឹងក្លាយជាប្រទេសអធិរាជនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សាយអន្តរជាតិ ខណៈដែលបច្ចុប្បន្នកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីក្នុងចំនួនដ៏ច្រើន ដែលពេលនេះកម្ពុជាយើងក្រោមតែប្រទេសកូឌីវ័រមួយបន្តិចប៉ុណ្ណោះ ដែលបច្ចុប្បន្នជាប្រទេសនាំគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុត ទៅកាន់ទីផ្សារអន្តរជាតិ។ សម្តេចបន្តទៀតថា ពីមុនកម្ពុជាជាប្រទេសនាំចូលទំនិញដ៏ច្រើនពីប្រទេសក្បែរខាងដូចជាពីប្រទេសវៀតណាម និងប្រទេសថៃជាដើម តែបច្ចុប្បន្នកម្ពុជា បានប្រែពីប្រទេសនាំទំនិញ ក្លាយជាប្រទេសនាំចេញដ៏ច្រើនទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទៅប្រទេសវៀតណាមផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលធានាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងបង្កើតការងារថ្មីបន្ថែមទៀត យ៉ាងហោចណាស់ក្នុងរង្វង់៣០ម៉ឺនកន្លែង ដើម្បីធានាភាពមានការងារធ្វើសម្រាប់ប្រជាជនកម្ពុជា ហើយចាប់ពីខែសីហា ឆ្នាំនេះទៅ កម្ពុជានឹងត្រូវបណ្ដុះបណ្ដាលយុវជនក្រីក្រ១លានកន្លះ ដោយរដ្ឋជាអ្នកចំណាយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូងនៃការអភិវឌ្ឍនិងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ-កម្មការិនីផងដែរ។ សម្តេចតេជោ បានប្រកាសមិនលើកលែងចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃអាទិត្យ នេះ៕ដោយនាគខៀវ