ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋត្រេកអរសប្បាយរីករាយ ជាខ្លាំង ខណៈអាជ្ញាធរឃុំត្រប់ ឃុំសណ្តែក និងឃុំទំនប់ ស្រុកបាធាយ ដែលបានតគម្រោងសាងសង់ផ្លូវ បេតុងបន្ថែម ឱ្យបានចំនួនវែងជាងពេលដាក់ដេញថ្លៃ និងចំណាយថវិកា ទាបជាងតម្លៃប៉ាន់ស្មានច្រើនទៀតផង ពោលគឺការសាងសង់បានរឹងមាំល្អ ដោយគ្មានស្នាមប្រេះស្រាំឡើយ នេះជាការបញ្ជាក់របស់លោកយាយ លោកតា ក្នុងមូលដ្ឋានឃុំទាំង៣ខាងលើកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
បេីតាមលោក ង៉ោ ជោត មេឃុំត្រប់ បានឱ្យដឹងថា គម្រោងផ្លូវបេតុងដែលបានដាក់ដេញថ្លៃដោយមានការប្រកួតប្រជែងនាពេលកន្លងទៅនេះ គឺមានប្រវែង ៣៦៥ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ២៦៨លានរៀល ហើយដេញបានដោយឈ្មោះ អៀម អេម ក្នុងតម្លៃ ៥៨លានរៀល ចំណែកថវិកាដែលនៅសេសសល់ ក្រុមប្រឹក្សាឃុំបានប្រជុំជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ បន្ទាប់មកគណៈកម្មការលទ្ធកម្ម ក៏បានសម្រេចតគម្រោងធ្វើផ្លូវឱ្យបានវែងបន្ថែមទៀត។
លោកមេឃុំ បានបញ្ជាក់ថា គម្រោងដេញថ្លៃផ្លូវបេតុងនេះ ក្នុង១ម៉ែត្រការ៉េ តម្លៃ៣២០០០រៀល ដោយឃើញថាមានទឹកដៃល្អ គណៈកម្មការ ក៏បានស្នេីសុំឱ្យក្រុមហ៊ុនធ្វើបន្ត ដោយពេលធ្វើគម្រោងគោលមានការខាតបង់ថវិកាច្រើន ខាងក្រុមហ៊ុនបានឯកភាពគ្នា តគម្រោងក្នុង១ម៉ែត្រការ៉េតម្លៃ ១០ម៉ឺនរៀល មានន័យថាតម្លៃនេះនៅតែទាបជាងតម្លៃប៉ាន់ស្មាន ដែលបច្ចេកទេសបានលេីកក្នុង១ម៉ែត្រការ៉េតម្លៃ ១៤៦៩០០រៀល អញ្ចឹងវាទាបជាងក្នុង១ម៉ែត្រការ៉េ ៤៦៩០០រៀល ទេីបសម្រេចឱ្យក្រុមហ៊ុនធ្វើបន្តនោះ។
លោកមេឃុំ សណ្តែក បានឱ្យដឹងថា កញ្ចប់ថវិកាគម្រោងមូលនិធិឃុំឆ្នាំ២០២៣នេះ គឺមានចំនួន៣៨៩លានរៀល សម្រាប់កសាងផ្លូវបេតុងប្រវែង ៥០៥ម៉ែត្រ បន្ទាប់ពីដាក់ដេញថ្លៃស្របតាមនីតិវិធីមក ក្រុមហ៊ុន លោក ឆេីត ឆេន ទទួលយកក្នុងតម្លៃទាបជាងគេ ៧៥លានរៀល ដូច្នេះយើងនៅសល់កញ្ចប់ថវិកាទៀត បន្ទាប់ពីមានការប្រជុំឯកភាពគ្នា ដោយមានយល់ស្របពីព្រះសង្ឃ និងប្រជាពលរដ្ឋផងនោះ យើងក៏បានស្នេីសុំឱ្យក្រុមហ៊ុនដដែលនេះ តគម្រោងដេីម្បីបំពេញតាមសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ហើយខាងក្រុមហ៊ុនក៏បានស្នើសុំតំឡើងតម្លៃខ្លះ ព្រោះថាតម្លៃដេញថ្លៃមុននោះវាទាបពេក ធ្វើឱ្យក្រុមហ៊ុនមានការខាតបង់ថវិកាច្រើន។
លោកមេឃុំ ទំនប់ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវបេតុងក្នុងមូលដ្ឋាន ប្រវែង ៣៥០ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៣៥លានរៀល ក្រុមហ៊ុន ម៉ន សុផន ទទួលយកតម្លៃទាបជាងគេ ក្នុងតម្លៃ ៨០លានរៀល ដូច្នេះកញ្ចប់ថវិកាយេីងនៅសល់ បន្ទាប់ពីប្រជុំសិក្សាឯកភាពគ្នាគ្រប់ភាគី បានសម្រេចតគម្រោងចំនួន ១៣១២ម៉ែត្រទៀត។
លោកយាយ លោកតា ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមានទឹកចិត្តបម្រើ និងអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើន ជាពិសេសបានកសាងអភិវឌ្ឍពីផ្លូវដី ទៅជាផ្លូវបេតុង ប្រយោជន៍ដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរបានងាយស្រួល និងឆាប់រហ័សផងដែរ៕