ថ្លែងនៅថ្ងៃអាទិត្យនេះ ក្នុងឱកាស ចុះសួរសុខទុកនិងសំណេះសំណាល និងប្រគល់ផ្ទះចំនួន ១០៨ ខ្នង ជូនប្រជាពលរដ្ឌ នៅស្រុកបន្ទាយស្រី សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ្រប់រូបអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
សម្តេចទៀ បាញ់ ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលបានបន្ដការគាំទ្រគណបក្សប្រជាជន ដើម្បីឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះ សូមប្រជាពលរដ្ឋ ទៅបោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រោះថា នៅគ្រប់កាលៈទេសៈណាក៏ដោយ មានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ។
សម្តេចទៀ បាញ់ មានប្រសាសន៍ថា ផ្ទះទាំង ១០៨ខ្នងនេះ បានមកពីការខិតខំប្រឹងប្រែង ចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន បានរួមសាមគ្គីគ្នា ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជួបផលលំបាកកន្លងមក ដោយគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ដល់បងប្អូនជានិច្ច៕ដោយនាគខៀវ