អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់
បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នា ការពារសន្តិភាព មិនត្រូវឲ្យសន្តិភាពនេះ ត្រូវបានបំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ ទោះជាអស់តម្លៃណាក៏ដោយ និងចូលរួមថែរក្សាការពារនូវរាល់សមិទ្ឋផល ទាំងឡាយ របស់ជាតិ ធ្វើយ៉ាងណា ឲ្យសមិទ្ឋិផលដែលយើងសម្រេចបាន ដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឲ្យបានស្ថិតនៅគង់វង្សជាអមតៈ។ ជាពិសេសសមិទ្ឋិផលនៃជ័យជម្នះ៧មករា ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើន របស់ជាតិយើងជាលំដាប់តរៀងមក។
សម្តេច ទៀ បាញ់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតគ្រប់រូប សូមអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនិតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយត្រូវចូលរួមគោរពអនុវត្តឲ្យបានត្រឹមត្រូវ នូវផ្លូវច្បាប់ បទបញ្ជា និតិវិធីនៃការបោះឆ្នោត សំដៅរួមគ្នាឲ្យការបោះឆ្នោតប្រព្រឹត្តិ ទៅដោយលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីបន្តជម្រុញនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
សម្តេចទៀ បាញ់ អំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាស
អញ្ជើញកាត់ឬសសីម៉ា និងកាត់ខ្សែបូរសម្ពោធឆ្លងព្រះវិហារថ្មីនៃវត្តតាយ៉ែកឯករងី្ស ស្ថិតក្នុងភូមិតាយ៉ែកឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃសៅរ៍ម្សិលមិញ។
សម្តេចទៀ បាញ់ បានគូសបញ្ជាក់ថា ទីវត្តអារាមជាជង្រុកនៃអក្សរសាស្ត្រជាតិ និង ជាថ្នាលបណ្តុះបណ្តាលធន ធានមនុស្ស និង បានបង្កើតធ្លុងសាមគ្គីក្នុងជួរព្រះសង្ឃ ពុទ្ឋសាសនិក សម្រាប់ប្រមូលផ្តុំគំនិត និងបញ្ញាញាណដ៏ទូលំទូលាយ រិះរកវិធានការសមស្រប រួមចំណែកលុបបំបាត់ កាត់បន្ថយ នូវអំពើអកុសលនិងអំពើហិង្សាទាំងឡាយ នៅក្នុងសង្គម ឈោងចាប់យកសុខសន្តិភាព ដ៏ពេញលេញ សុខុមាលភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត។
សម្តេចទៀ បាញ់ បានបន្តទៀតថា សមិទ្ឋផលនេះដែរ មិនអាចផ្តាច់បានពីការខិតខំប្រឹងប្រែង ចូលរួមពីក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន បងប្អូនសប្បុរសជន និងជនរួមជាតិទាំងអស់ ដែលបានរួមសាមគ្គីគ្នាបរិច្ចាគ នូវធនធាន ដើម្បីកសាងនូវសមិទ្ឋផលមួយនេះឡើង។
សម្តេចទៀ បាញ់ មានប្រសាសន៍ថា ព្រះវិហារថ្មី ដែលបានកាត់ខ្សែបូរសម្ពោធនាពេលនេះ គឺជាសមិទ្ឋិផលថ្មីមួយបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបន្តធ្វើការអភិវឌ្ឍឲ្យមានភាពថ្កុំថ្កើង និងផ្សព្វផ្សាយ បង្កើនការយល់ដឹងជូនប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ពីតម្លៃវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទំលាប់ខ្មែរ សំដៅលើកតម្កើងព្រះពុទ្ឋសាសនា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕ដោយនាគខៀវ