មន្ត្រីចាប់ខ្លួនមេក្លោងនិងបក្សពួក ករណីឈូសដីឆាយព្រៃលិចទឹកខុសច្បាប់

មនុស្សចំនួន៤នាក់ដែលរួមទាំងមេក្លោង ត្រូវបានមន្ត្រីចាប់ខ្លួនពាក់ព័ន្ធករណីកាប់ឆ្ការគាស់ឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ នៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃសៅរ៍ ម្សិលមិញ ដឹកនាំដោយលោកហួត សុភាព មេបញ្ជាការរងទទួលការងារ ស្រាវជ្រាវព័ត៌មានសន្ដិសុខ។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមបទបញ្ជារបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោយទទួលព័ត៌មាន

លោក ហួត សុភាព បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចុះបង្រ្កាបករណីបទល្មើសជាក់ស្តែង ខណ:ជនសង្ស័យ កំពុងធ្វើសកម្មភាព កាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹក ចំនួនសរុប ៣៩.០៧ហិកតា (ក្នុងនោះដីតំបន់២ ចំនួន២៩.៩៨៨ហិកតា និងដីតំបន់៣ ចំនួន៩.០៨២ហិកតា)។

លោកបានថ្លែងបន្តថា ជនសង្ស័យទី១៖ ឈ្មោះ ឯម ប៊ុនថន អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯក ភ្នំ ខេត្តបាត់ដំបង (មេក្លោង), ទី២៖ឈ្មោះ ជឿន រ៉ា អាយុ៤៧ឆ្នាំ (ស៊ីឈ្នួលបើកត្រាក់ទ័រឲ្យឈ្មោះ ឯម ប៊ុនថន), ទី៣៖ឈ្មោះ យួង អឿត អាយុ៥០ឆ្នាំ (ស៊ីឈ្នួលបើកត្រាក់ទ័រឲ្យឈ្មោះ ឯម ប៊ុនថន) រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ និងទី៤៖ឈ្មោះ ប៉ាន់ ភន អាយុ៤០ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ (ត្រាក់ទ័រផ្ទាល់ ខ្លួនស៊ីឈ្នួលទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ ឲ្យឈ្មោះ ឯម ប៊ុនថន)។

បើតាមលោក ហួត សុភាព បន្ទាប់ពីចាប់ខ្លួនជនសង្ស័យទាំង៤នាក់ និងរឹបអូសបានវត្ថុតាង ជាមួយត្រាក់ទ័រ៤គ្រឿង និងម៉ូតូ១គ្រឿង នាំយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរនិងប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយនាគខៀវ