អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មានភូមិឃុំ ត្រូវធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគ ដែលមានបំណងចង់ធ្វើការវិនិយោគ នៅលើមូលដ្ឋានរបស់ខ្លួន ព្រោះកាលណា ដែលមានអ្នកវិនិយោគ គឺធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ហើយរដ្ឋបាលខេត្តស្វាគមន៍ជានិច្ច និងបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោក សុខ លូ បានបញ្ជាក់ទៀតថា ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលកំពុងធ្វើការវិនិយោគ នៅក្នុងខេត្តបាត់ដំបង ហើយក្នុងនោះដែរ ខេត្តបាត់ដំបងក៏នៅតែបន្តចង់បានអ្នកវិនិយោគជាច្រើន មកវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាពិសេសផ្នែកកសិឧស្សាហកម្ម ដែលខេត្តបាត់ដំបង សម្បូរទៅដោយផលកសិកម្មជាច្រើន មិនទាន់បានយកទៅកែច្នៃឱ្យអស់លទ្ធភាពនៅឡើយ ដោយសារខ្វះបច្ចេកទេស និងខ្វះអ្នកវិនិយោគផ្នែកនេះជាច្រើន។

លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន​ ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ចំនួន៣,០០០ គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌ បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមចូលរួមបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្រ្ដ ដែលខ្លួនស្រឡាញ់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបំពេញជាតួនាទីប្រជាពលរដ្ឋ ពេញលក្ខណៈ ហើយចំពោះប្រជាពលរដ្ឋណា ដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សូមប្រញាប់ទៅទាក់ទង ឃុំ សង្កាត់របស់ខ្លួន ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ ដើម្បីយកធ្វើជាឯកសារ សម្រាប់ប្រើប្រាស់ពេលបោះឆ្នោតនាពេលខាងមុខនេះ។

លោកសុខ លូ មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកចំនួន១,០០០គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល នៅរសៀលថ្ងៃសុក្រ ម្សិលមិញ៕ដោយនាគខៀវ