លោកយឹម ឆៃលី៖ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ ប៉ុលពត រំដោះប្រទេសជាតិ និងប្រជាជនចេញផុតពីវាលពិឃាត

លោកយឹម ឆៃលី បានថ្លែងថា​ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុលពត រំដោះប្រទេសជាតិ និងប្រជាជនចេញផុតពីវាលពិឃាត និងការកាប់សម្លាប់ដ៏សាហាវយ៉ង់ឃ្នង និងបានដឹកនាំ កសាង អភិវឌ្ឍន៏ប្រទេសជាតិពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៏លើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

លោក បន្តថាក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាព ដ៏ពេញបរិបូរណ៏ ដូច្នេះ​យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាព ដែលរកបានដោយកម្រនេះ​ឱ្យ​បាន​ជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

លោកយឹម ឆៃលី ក៏​បានណែនាំដល់ប្រធាន អនុប្រធានក្រុមការងារ ចុះជួយស្រុក ឃុំ ភូមិ នៃស្រុក​ជេីងព្រៃ​ទាំងអស់ ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា, និងជោគជ័យ ដ៏ធំធេងរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា ដូចជា ជោគជ័យ ក្នុងការប្រយុទ្ឋប្រឆាំង នឹងជម្ងឺកូវីដ១៩ ផ្តល់ឱកាសក្នុងការបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ, រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនញ្ញតែមួយ រាជរដ្ឋាភិបាល តែមួយ, ប្រែក្លាយតំបន់សមរភូមិសង្គ្រាម មកជាតំបន់អភិវឌ្ឍន៏, កសាងហេដ្ឋារចនាសម្ព័នផ្លូវ ស្ពានគ្រប់ទិសទី តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល ធ្វើ​ឱ្យ​កម្រិតជីវភាពរស់នៅរបស់ប្រជាជន កាន់តែ​ប្រសើរ​ឡើង​ជាលំដាប់​។

លោកយឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំងអស់ ដែលតែងតែជឿទុកចិត្ត និងគាំទ្រដោយឥតងាករេ ចំពោះការដឹកនាំរបស់សម្តេចតេជោ និង គណបក្សប្រជាជនកម្ពុជា ដែលទទួលភារកិច្ចកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចមានក្នុងពេលបច្ចុប្បន្ននេះ។

លោកថ្លែង​បែប​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ​ ប្រមាណ​ជាង​ ៨០០០នាក់ នៅថ្ងៃពុធនេះ៕ដោយនាគខៀវ