សម្តេចហ៊ុន សែន រម្លឹកពីការឈឺចាប់ និងក្ដីសោកសង្រែង ក្នុងពេលតស៊ូ ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមកសង្គ្រោះប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍រម្លឹកពីការឈឺចាប់ និងក្ដីសោកសង្រែងរបស់សម្ដេចក្នុងពេលតស៊ូ ដើម្បីធ្វើដំណើរទៅរំដោះជាតិមាតុភូមិ ទៅកាន់ប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមកសង្គ្រោះប្រជាជនកម្ពុជា ដែលពេលនោះសម្ដេច បានទៅដល់ប្រទេសវៀតណាម បានទទួលទានបាយដោយស្រក់ទឹកភ្នែក ដោយសារប្រពន្ធកូនកំពុងរងទុក្ខ ព្រោះតែសង្គ្រាមបានបង្កវិនាសកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលនោះ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការស្វែងរកសុខសន្ដិភាព របស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ។ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។

សម្តេចតេជោ ហ៊ុន សែន រម្លឹកបែបនេះក្នុងឱកាស
ចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់ របស់របស់គណបក្សនយោបាយ មួយចំនួន ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា មិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ តែ គណបក្សប្រជាជនកម្ពុជា ធ្វើដើម្បីប្រយោជន៍ប្រជាជនតែម្ដង។ គណបក្សប្រជាជនកម្ពុជាតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជាករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើមរាជរដ្ឋាភិបាល រកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា សម្ដេចនៅតែបន្តតាមដានលើស្ថានការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅឡើយពីព្រោះបញ្ហាកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ សម្ដេចតេជោជំរុញឱ្យ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករ កម្មការិនី ត្រូបន្ត ការយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបន្ថែមទៀត ពីព្រោះបច្ចុប្បន្ន ពិភពលោកក៏មិនអាចដឹងថា នាពេលខាងមុខជំងឺនេះ នឹងមានការវិវត្តទៅជាប្រភេទថ្មីអ្វីទៀតនោះទេ៕ដោយនាគខៀវ