ខេត្តសៀមរាប៖មានការលើកឡើងថា ដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែ កំពុងតែរងការកាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ទិ ពីសំណាក់ជនឱកាសនិយមខិលខូច និងអ្នកមានលុយមួយចំនួន។
ទីតាំងកាប់កាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ទិ ស្ថិតនៅចំណុច អណ្តូងភ្លូរ ស្ថិតក្នុងភូមិ ត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹង ថាមានអ្នកមានលុយម្នាក់ ឈ្មោះ ក្អុក មានស្រុកកំណើតនៅ ភូមិកំពង់ ឃុំ ជីក្រែង ស្រុកជីក្រែង បច្ចុប្បន្នមករស់នៅ និងលក់ទូរស័ព្ទដៃក្នុង ភូមិគ្រាំង ឃុំពង្រលើ បានជួលប្រជាពលរដ្ឋ ក្នុងតម្លៃ៣០០០០រៀល ក្នុង១ថ្ងៃ ដើម្បី កាប់ទន្ទ្រានដីព្រៃ នៅចំណុចខាងលើយកធ្វើជាកម្មសិទ្ធិ ដោយពេលនេះទន្ទ្រានយកមិនតិចជាង២០ ហិកតានោះទេ។
ប្រជាពលរដ្ឋបន្តថា ឈ្មោះ (ក្អក) មានមហិច្ឆតាទន្ទ្រានយកដីព្រៃរដ្ឋ មកធ្វើជាកម្មសិទ្ធិមិនតិចជាង១០០ ហិកតា ក្រោមហេតុផលប្រមូលទិញពីប្រជាពលរដ្ឋ។
ករណីនេះ លោក ខៀវ ប៊ុនឈឿន មេឃុំពង្រលើ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកមិនដឹងទេព្រោះដី គឺជាដែនសមត្ថកិច្ចរបស់មន្ត្រីបរិស្ថាន។
ចំណែក លោក លឹង ជួប ប្រធានមន្ត្រីបរិស្ថានស្ដីទី ស្នាក់ការស្រោង ថា លោកនឹងពិនិត្យមើល តើវាជាដីព្រៃឬក៏ជាដីបុស្ស? តើជាប់គម្របព្រៃឈើដែរឬក៏អត់?
ឯ លោក ពៅ ជុំ នាយការិយាល័យ ឧទ្យានុរក្ស និងបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ បានឆ្លើយបំភ្លឺប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកបានទៅពិនិត្យមើលឃើញហើយ ដីព្រៃនៅចំណុចនោះពិតជាជាប់គម្របព្រៃឈើដែនជម្រកសត្វព្រៃបឹងពែរមែន។ ប៉ុន្តែមិនមែន ជាដីព្រៃទេគឺជាបុស្ស ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល។
លោកពៅ ជុំ បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយលោកនឹងបញ្ជូនឈ្មោះ ក្អុក ទៅខេត្តដើម្បីអោយខេត្តធ្វើការវិនិច្ឆ័យ។
សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីឈ្នោះ
ក្អុក នៅឡើយទេចំពោះការលើករបស់ពលរដ្ឋដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។
កាលពីថ្មីៗនេះ សម្តេចតេជោហ៊ុន សែន បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរទប់ស្កាត់ការកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋ ក៏ប៉ុន្តែជំនាញខេត្តសៀមរាប ហាក់បីមិនគោរពតាមបទបញ្ជារបស់សម្ដេចនោះទេ៕ដោយនាគខៀវ