លោក​សុខ លូ៖ សម្រាប់ខេត្តបាត់ដំបង បានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីចូលរួមថែរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ

លោក​សុខ លូ៖ សម្រាប់ខេត្តបាត់ដំបង បានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីចូលរួមថែរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់ខេត្តបាត់ដំបង បានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីចូលរួមថែរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ដើម្បីជាការចូលរួមការពារ និងលើកកម្ពស់សិទ្ធិសេរីភាព របស់មនុស្ស ក្នុងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ ការវិនិយោគ បាននាំមកនូវសក្ដានុពលដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដើម្បីឱ្យគាត់បានស្វែងយល់ពីសិទ្ធិ និងការប្រើប្រាស់សិទ្ធិសេរីភាព របស់ខ្លួនស្របតាមច្បាប់ជាធរមាន ។

លោកបានបន្តទៀតថា បច្ចុប្បន្ន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានការពារ និងគោរព ដោយប្រជាពលរដ្ឋមានសិទ្ធិពេញលេញ ក្នុងការប្រកបរបរចិញ្ចឹមជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ សិទ្ធិស្រ្ដី កុមារ និងជនមានពិការភាព សេរីភាពក្នុងជំនឿសាសនាជាដើម ហើយទន្ទឹមនឹងនោះ ការធានាបាននូវសន្ដិភាព គឺជាកត្តាសំខាន់ចម្បងបំផុតដែលនាំមកជូនប្រជាពលរដ្ឋ កម្ពុជានូវលទ្ធិប្រជាធិបតេយ្យ នីរតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស។

លោកបានបន្តទៀតថា សម្រាប់ពិធីផ្សព្វផ្សាយនាពេលនេះ គឺសង្ឃឹមថា នឹងពង្រឹងចំណេះដឹងបន្ថែមទៀត ដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ អំពីសិទ្ធិរបស់ខ្លួនឱ្យកាន់តែច្បាស់ ហើយការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ ដើម្បីសុខសន្ដិភាព សុវត្ថិភាព ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀត។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់យ៉ាងដូច្នេះ នៅក្នុងបានអញ្ជើញចូលរួមបើក ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ក្រោមអធិបតីភាព លោក កែវ រ៉េមី រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលពិធីនេះរៀបចំឡើងនៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង នៅថ្ងៃចន្ទនេះ៕ដោយនាគខៀវ