ខេត្តកំពង់ចាម៖ក្នុងពិធីបញ្ជូលសមាជិកគណបក្សទើបកសាងថ្មី ចំនួន៧១៦៩នាក់ មកពីវិទ្យាល័យទាំង៦ និងឃុំទាំង១៤ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យនេះ លោកយឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានថ្លែងប្រាប់យុវជនគ្រប់អាយុបោះឆ្នោតដែលជាសមាជិកថ្មីថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលហ៊ានលះបង់ជីវិត ដេីម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីសេចក្ដីស្លាប់។
លោក យឹម ឆៃលី បានថ្លែងថា ប្រជាជនកម្ពុជាជាង៩០% ជាអ្នកកាន់ព្រះពុទ្ឋសាសនា ហើយព្រះពុទ្ឋបរមគ្រូនៃយើង បានប្រៀនប្រដៅឲ្យយើងចេះស្គាល់គុណ ស្គាល់ទោស និងចេះដឹងគុណចំពោះអ្នកដែលធ្លាប់ជួយយើងនៅគ្រាលំបាក ជាពិសេសត្រូវជឿជាក់លើសច្ចធម៌ និងប្រវត្តិសាស្ត្រដែលយើងធ្លាប់ហែលឆ្លងកាត់ក្នុងជីវិតរបស់យើង។ ប៉ុន្តែមានប្រជាជនយើងមួយចំនួនតូច នៅតែមិនជឿជាក់លើសច្ចធម៌ប្រវត្តិសាស្ត្រ ហើយងាកទៅជឿលើការឃោសនាបោសបញ្ជោតរបស់អ្នកដែលមិនដែលរួមសុខរួមទុក្ខជាមួយខ្លួន ដោយមើលមិនឃើញពីគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុលពត រំដោះប្រជាជនកម្ពុជាពីរណ្តៅមរណៈ និងបានខិតខំពុះពារគ្រប់ការលំបាក និងឧបសគ្គសព្វបែបយ៉ាង រហូតស្វែងរកបាននូវសុខសន្តិភាពពេញបរិបូរណ៏ពេញផ្ទៃប្រទេស ដោយមានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មធញ្ញ តែមួយ រាជរដ្ឋាភិបាលតែមួយ និងដឹកនាំប្រទេសជាតិតាមលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស និងអភិវឌ្ឍន៏ប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ដូច្នេះយើងត្រូវពន្យល់ណែនាំពួកគាត់កុំឲ្យចាញ់បោកការឃោសនាអកុសលរបស់ក្រុមជនអគតិ និងជនក្បត់ជាតិ តទៅទៀត។
លោកក៏បានណែនាំដល់ ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និងជួបបញ្ហាផ្សេងៗ ជាពិសេសគឺត្រូវផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់ផងដែរ៕ដោយនាគខៀវ