ក្នុងកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពបត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ច នៅក្នុងតំបន់ទន្លេមេគង្គ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយនិង ក្រុមការងារសិក្សាស្រាវជ្រាវ នៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM) នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រុងបាត់ដំបងជាក្រុងបុរាណ ដូច្នេះហើយប្រព័ន្ធលូ នៅក្នុងក្រុងបាត់ដំបងក៏មានសភាពចាស់ទ្រុឌទ្រោម គួបផ្សំជាមួយកំណើនដ៏ឆាប់រហ័សរបស់ប្រជាពលរដ្ឋ សព្វថ្ងៃបែបនេះ ដោយឡែកដោយមានការសហការ ជាមួយADB ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនក៏កំពុងតែធ្វើការកសាងប្រព័ន្ធរំដោះទឹកកខ្វក់ ទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹង នៅក្នុងក្រុងបាត់ដំបងឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
លោក សុខ លូ បានសម្ដែងនូវការសប្បាយរីករាយចំពោះក្រុមការងារ ដែលចង់សិក្សាអនុវត្តនៃគម្រោងនេះ បើទោះបីជាមិនទាន់មានថវិកាគ្រប់គ្រាន់ សម្រាប់ធ្វើការអនុវត្តគម្រោងនេះក៏ដោយ ប៉ុន្តែត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានជាមុនសិន ហើយប្រសិនជាថ្ងៃទៅមុខទៀត យើងមានថវិកាគ្រប់គ្រាន់ គឺយើងនឹងធ្វើការអនុវត្តគម្រោងនេះតែម្ដង។
លោកបានបន្តទៀតថា សម្រាប់គម្រោងនេះផងដែរ ក៏ជាអ្វីដែលរដ្ឋបាលខេត្ត ក៏កំពុងធ្វើការសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដែលកំពុងត្រូវការ ដោយសារតែបញ្ហាកំណើនយ៉ាងឆាប់រហ័សរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថាដោយសារទីក្រុងនានា នៅក្នុងតំបន់ទន្លេមេគង្គ កាន់តែមានការរីកចម្រើន យ៉ាងឆាប់រហ័ស អត្រាកំណើន ៣-៥%ជារៀងរាល់ឆ្នាំគឺខ្ពស់ជាងមធ្យមភាគពិភពលោក ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនសម្ពាធ ស្របជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ទីក្រុងនានា ធ្វើឱ្យរងផលប៉ះពាល់ទៅដល់ប្រភពទឹក នៅជុំវិញតំបន់ទាំងនោះ។ ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) ត្រូវបានគេទទួលស្គាល់ផងដែរថា ជាដំណោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធបៃតង ក្នុងការរៀបចំផែនការទីក្រុងដ៏មានប្រសិទ្ធិភាព និងភាពបត់បែន។
គោលបំណងចម្បងរបស់ Nbs នៅក្នុងខេត្តបាត់ដំបង បានជ្រើសរើស បឹងរ៉ា ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម ក្នុងនោះមានមុខងារជាអាងស្ដុកទឹក សម្រាប់ទឹកជំនន់ក្នុងតំបន់ និងកន្លែងស្ដុកទឹកសង្រ្គោះបន្ទាន់ សម្រាប់ទឹកហូរចេញពីស្ទឹងសង្កែ ហើយក៏ចូលរួមក្នុងការកែលំអគុណភាពទឹកដែលបានប្រើប្រាស់នៅតាមផ្ទះ និងជំនន់ទឹកភ្លៀង ដោយប្រើដំណោះស្រាយធម្មជាតិ រួមបញ្ជូលទាំងការបង្កើតឧទ្យានទីក្រុងសម្រាប់ការ រស់នៅ ជីវចម្រុះ ទេសចរណ៍ធម្មជាតិ និងសោភ័ណភាព ហើយមិនត្រឹមតែប៉ុណ្ណោះ កែប្រែស្ថានីយរថភ្លើងចាស់ ទៅជាកន្លែងទេសចរណ៍ តាមរយៈការលាយបញ្ចូលគ្នានៃគម្រោងNbsនេះ៕ដោយនាគខៀវ