លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​៖ គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ គឺការគាំទ្រពីប្រជាពលរដ្ឋ និងដោយសារគណបក្សសកម្មការងារ

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​៖ គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ គឺការគាំទ្រពីប្រជាពលរដ្ឋ និងដោយសារគណបក្សសកម្មការងារ

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​ថ្លែង​ថា​ គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ គឺការគាំទ្រពីប្រជាពលរដ្ឋ និងដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាត ជាប់ជាប្រចាំ និងអាចបំពេញសេចក្តីត្រូវការរបស់ប្រជាជន កាន់តែល្អប្រសើរ រួមទាំងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ឈរលើភាពជោគជ័យនេះ គណបក្សប្រជាជនកម្ពុជា បានបន្តខិតខំគ្រប់បែបយ៉ាង ដើម្បីទទួលបាននូវសមានចិត្តពីសមាជិកបក្សទាំងរូបកាយ និងបេះដូងស្រឡាញ់គាំទ្រពិតស្មោះត្រង់ ព្រមជាមួយនឹងការយល់ដឹងច្បាស់លាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​សង្កត់​ធ្ងន់ថា​ គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវសមត្ថភាព និងគុណសម្បត្តិពិតប្រាកដ ទើបអាចទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ហើយបន្តទៅមុខ គណបក្សមានចក្ខុវិស័យ និងកម្មវិធីនយោបាយច្បាស់លាស់ក្នុងការបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ជាពិសេស គឺផែនការសម្រាប់ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់​។

លោកបានថ្លែងបន្តថា​ ដើម្បីអាចធានាបាននូវការអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព​ សកម្មជនយុវជនបក្ស គឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់ នៅក្នុងការចូលរួមគ្រប់កិច្ចការទាំអស់ និងគ្រប់កម្រិត ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរាល់ចក្ខុវិស័យ និងគោលនយោបាយ របស់បក្ស ឱ្យមានលទ្ធផល ផ្លែផ្កាជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម​ នៅរសៀលថ្ងៃសុក្រម្សិលមិញ៕ដោយនាគខៀវ