លោក សុខ លូ៖ អាជ្ញាធរខេត្តកំពុងព្យាយាមអភិវឌ្ឍន៍ទីក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

លោកសុខ លូ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង កំពុងព្យាយាមអភិវឌ្ឍន៍ ទីក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីកាន់តែធ្វើឱ្យ ទីក្រុងបាត់ដំបង ធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកំសាន្ត និងអ្នកវិនិយោគ ឱ្យកាន់តែច្រើនឡើងៗ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេងZoom ដើម្បីពង្រឹងទំនាក់ទំនង និងពិភាក្សាការងារសម្រាប់ការអនុវត្តគម្រោងផ្សេងៗក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

លោកសុខ លូ បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយ៍ប្រព្រឹត្តិកម្ម គ្រប់គ្រងភក់បង្គន់ ដែលជាគម្រោង ធ្លាប់បានកសាង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួចមកហើយ ព្រោះស្ថានីយ៍គ្រប់គ្រងភក់បង្គន់នេះផងដែរ អាចផ្ដល់ផលប្រយោជន៍ ជាច្រើនដល់ខេត្តបាត់ដំបង។

លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ នៃគម្រោងផ្សេងទៀតដែលពាក់ព័ន្ធ ទៅនឹងការអភិវឌ្ឍក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ Smart City និងការរៀបចំទីក្រុងបាត់ដំបង ប្រកបដោយអភិបាលកិច្ចល្អ និងមានចីរភាព។

លោកបានមានប្រសាសន៍លើកឡើងថា ចំពោះការគ្រប់គ្រងភក់បង្គន់នេះ ជារឿងរ៉ាវដែលថ្មី របស់រដ្ឋបាលខេត្តបាត់ដំបង ដោយយើងត្រូវការអ្នកជំនាញលើផ្នែកនេះ ដូចនេះរដ្ឋបាលខេត្ត នឹងធ្វើការចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារជាមួយសមាគមAIMF ដើម្បីបន្តនិរន្តរភាពជាមួយគ្នា និងដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត៕ដោយនាគខៀវ