មានប្រសាសន៍នៅមុខ នៅមុខកម្មករ កម្មការិនីជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រ នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជនបង់រំលស់ប្រាក់យឺតយ៉ាវ។
សម្ដេច ហ៊ុន សែន ក៏បានណែនាំ ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សហការគ្នា រៀបចំឡើងវិញ នូវនីតិវិធីសម្រាប់ការឥណទាន បង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។
សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយមួយចំនួន ក៏កំពុងរៀបចំឡើងវិញ លើគណនេយ្យបង់រំលស់ ផ្ទះរបស់ប្រជាពលរដ្ឋ រាប់សែនគណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះ របស់ប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេច ត្រូវរៀបចំបញ្ជីចំពោះបុរី ណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ា វនាពេលកន្លងទៅ ដើម្បីអាចស្វែងរកដំណោះស្រាយ លើបញ្ហាជូនប្រជាពលរដ្ឋបានផងដែរ៕ដោយនាគខៀវ