ខេត្តកំពង់ចាម៖សម្តេចម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាព ដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍ វិស័យនេះជាមួយ នឹងចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅអនាគតមួយដ៏ភ្លឺ ត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រ ឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿង ជូនសង្គមគ្រួសារ និងប្រទេសជាតិ។
ថ្លែងបែបនេះក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ២០បន្ទប់ មានទីតាំងស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រហស្បតិ៍នេះ។
សម្តេចម៉ែន សំអន ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម រួមទាំងអ្នកស្រុកស្រីសន្ធរ ដែលតែងជឿ ជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សា សុខសន្តិភាព និងស្ថិរភាព របស់ប្រទេសជាតិយើង ជាពិសេស តាមរយៈ ការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និងបទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការ ដឹកនាំប្រកប ដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំង ក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និងនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ។
សម្តេច ក៏បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផល ដែលបន្តកើតមាននៅក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ក្រោមកម្លាំងសាមគ្គីធម៌ របស់ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកស្រីសន្ធរ ដែលបានចំណាយថវិកាសាងសង់អស់ជិត ៤០ម៉ឺនដុល្លារ។ ព្រមទាំងបានសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធ របស់ ឧកញ៉ា ស៊ុយ សុផាន ដែលបានខិតខំ ជួយកសាងសមិទ្ធផល យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់បន្សល់ទុក ជាកេរ្តិ៍ដំណែលដល់សិស្សានុសិស្សជំនាន់ក្រោយៗទៀត។
យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើរផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវ សុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាព ក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ៕ដោយនាគខៀវ