សម្ដេចស ខេង ផ្តាំផ្ញើដល់សិស្ស នគរបាល​ជ័យលាភី​ ឱ្យយកចំណេះដឹង​ និងជំនាញទៅប្រើប្រាស់ ឱ្យមានប្រយោជន៍ ដល់អង្គភាព​ និងសង្គមជាតិ

សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់​ ឱ្យយកចំណេះដឹង​ និងជំនាញទៅប្រើប្រាស់ ឱ្យមានប្រយោជន៍ដល់អង្គភាព​ និងសង្គមជាតិ។​

សម្ដេចថ្លែង​បែប​នេះ​ក្នុងពិធីសម្ពោធសមិទ្ធផល​ និងបិទវគ្គបណ្តុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម​ នៅព្រហស្បតិ៍នេះ ក្រោម​វត្តមាន​ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។​

សម្តេច​ស​ ខេង​ បានលើកឡើងថា ការងារបណ្តុះបណ្តាល មន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿន សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ លើគ្រប់ វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈ បានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។​

សម្តេច ក៏បាន​ថ្លែងកោតសរសើរ ចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស គួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភា នគរបាលកម្ពុជា និងសាលានគរបាល ភូមិភាគ​នានា​ ការវិវឌ្ឍរីកចម្រើននេះ បានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល នគរបាលជាតិ ក្នុងយុគសម័យ នៃសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចហ៊ុន សែន។

សម្ដេច ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់​ ដែលបាន ចូលរួមចំណែកជាមួយ ក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា​ និងសាលានគរបាលជាតិភូមិភាគ​ ដែល​បាន​ដាក់សម្ពោធ រួមមាន ផ្លូវបេតុងប្រវែង២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ គំនូសនិងផ្លាកសញ្ញាចរាចរ ដែលជាអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ១ខ្នង ទូដាក់ សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជាអំណោយរបស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជា អំណោយរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី​ និង​សម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា​៕ដោយនាគខៀវ