បងថ្លៃទាញ ពូថៅកាប់ ប្អូនថ្លៃ បណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាវុធហត្ថស្រុកអង្គរជុំឃាត់ខ្លួន ករណី​ហឹង្សា​ដោយមាន​ស្ថានទំងន់ទោស។

កការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ​២០២៣ នៅចំណុចភូមិស្លាត ឃុំស្រែខ្វាវ ស្រុក​អង្គរជុំ។

ជនសង្ស័យមានឈ្មោះ ហឿ ហួម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុក​អង្គរជុំ។

តាមរបាយការណ៍ របស់មន្រីកងរាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំ បានបង្ហាញថា ករណីនេះមុនពេលកើតហេតុ បុរសម្នាក់កំពុងដើរដឹកសត្វគោ ហើយបានជេរសត្វគោ ស្រាប់តែបងថ្លៃ យល់ថាប្អូនថ្លៃបានជេរខ្លួន ក៏បានយកពូថៅ មកកាប់ជាច្រើនពូថៅតែម្ដង។

ជនរងគ្រោះ​ឈ្មោះ ហាក់ ជ្រឹក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុក​អង្គរជុំ (ត្រូវជាប្អូនថ្លៃ) របួសធ្ងន់​ បញ្ជូនមកព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ។

ករណីនេះមូលហេតុ​៖ ជនរងគ្រោះ​ទៅដេញគោមកផ្ទះហើយជេរគោ ជនសង្ស័យ​ខឹងថាជនរងគ្រោះជេរមកលើគាត់ក៏យកពូថៅកាប់តែម្ដង៕ដោយនាគខៀវ