លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ពិសេសលោកយាយ លោកតាចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងត្រូវសម្រាន្តក្នុងមុង។ លោកក៏បានសូមជូនពរលោកយាយ លោកតាបងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍។
លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់សូមបន្តអប់រំណែនាំ កូនចៅឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាព ដែលសម្ដេចហ៊ុន សែន បានខិតខំប្រឹងប្រែងរកបានមកដោយលំបាក។ ដូច្នេះយេីងត្រូវអរគុណសន្តិភាព អរគុណ សម្ដេចតេជោ ហ៊ុន សែន ពោលគឺត្រូវប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឱ្យបានឋិតថេរគង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជា វិលទៅរកគ្រោះមហន្តរាយ សារជាថ្មីទៀតនោះ។
លោកអ៊ុន ចាន់ដា រំលឹកដល់ពលរដ្ឋយ៉ាងដួច្នេះក្នុងឱកាសនាំយកអំណោយ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋងាយរងគ្រោះជីវភាពខ្វះខាត ៣០០គ្រួសារ នៅស្រុកជើងព្រៃ នៅថ្ងៃអង្គានេះ។
លោក អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតា ប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងអាណិតអាសូរ ជាទីបំផុត ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ឱ្យចុះអន្តរាគមន៍ ជួយសម្រាល ទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល”។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ ទាំង ៣០០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន៖ – អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១កញ្ចប់ និងថវិកា ៣០,០០០ រៀល។ លោកអ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តផ្តៅជុំ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និងបច្ច័យ មួយចំនួនផងដែរ៕ដោយនាគខៀវ