ខេត្តសៀមរាប៖មានការលើកឡើងថាដីព្រៃរបស់រដ្ឋ រាប់សិបហិកតា ត្រូវបានគ្រឿងចក្រ អិចស្ការទ័រ វាយកម្ទេច ដោយព្រៃតូចធំ អោយរាបដល់ដីស្ទើគ្មានសល់ ស្ថិតនៅចំណុច ភូមិរុងរឿង និងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីបែបនេះគេនៅពុំទាន់ឃើញអាជ្ញាធរជំនាញពាក់ព័ន្ធចុះទៅធ្វើការទប់ស្កាត់នៅឡើយទេ។
យោងតាមប្រភពបានបង្ហើបថា ការដែលក្រុមគ្រឿងចក្រចូលទៅវាយដីព្រៃរបស់រដ្ឋ នៅចំណុចខាងលើ បានយ៉ាងសុកស្រួលបែបនេះ គេសង្ស័យថាមានមេការរត់ការ ជាមួយមន្ត្រីជំនាញនិងអង្គភាពពាក់ព័ន្ទ ដើម្បូលាក់បាំងនិងកុំឲ្យចុះបង្ក្រាប។
បើតាមលិខិតមួយ របស់មេបញ្ជាការកងពោះធំអន្តរាគមន៍លេខ ២ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ គោរពជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
កម្មវត្ថុ៖ ស្នើសុំដីទំហំ៤៩៩២ ហិចតា ដែលស្ថិតនៅក្នុងភូមិរុងរឿង និងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
តបតាមកម្មវត្ថុដូចបានជម្រាបជូនខាងលើ ខ្ញុំបាទមានកិត្តយស សូមគោរពជម្រាបជូន សម្តេច ពិជ័យសេនា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ដើម្បីធានាឲ្យខឿនការពារជាតិ ក្នុងទិសទី២ យោធភូមិភាគទី៤ ដែលកន្លងមក កងពលធំអន្តរាគមន៍លេខ២ បានការពារគ្រប់គ្រងផ្ទៃដីទំហំ ខាងលើចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់សព្វថ្ងៃ និងបានកសាងទីលានបាញ់គ្រាប់ពិត ធានា ដល់ការហ្វឹកហ្វឺន កសាងទីបញ្ជាការកណ្ដាល យុទ្ធសាស្តធានាបញ្ញា លើទិសទី២ យោធភូមិភាគ ទី៤ ធានាលើប្រៀបការពារជាតិ និងបែងចែកជូនគ្រួសារកងទ័ព ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម។ ហើយផ្ទៃដីខាងលើនេះ កងពលធំអន្តរាគមន៍លេខ២ មិនទាន់បានកសាងឯកសារបំពេញ បែបបទផ្លូវច្បាប់នៅឡើយ។ ដើម្បីធានាផ្លូវច្បាប់រឹងមាំ កងពលធំអន្តរាគមន៍លេខ២ សម្រេចរៀបចំផែនទីគោល និងសំណើរ ដើម្បីគោរពជូនពិនិត្យ សម្រេច និងផ្តល់មតិ ណែនាំ ដ៏ខ្ពង់ខ្ពស់៕ដោយនាគខៀវ