ប៉ូលិសខេត្តសៀមរាបម្នាក់ ស្រវឹងស្រា ផ្ទុះអាវុធជាង១០គ្រាប់ ដោយទំនាស់ពាក្យសម្តីជាមួយឪពុកមា

ខេត្តសៀមរាប៖មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាបមួយរូប បានដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយមានទំនាស់ពាក្យសម្តីជាមួយឪពុកមារបស់ខ្លួន។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៩ និង៥៨នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប បានប្រើអាវុធកាំភ្លើងAk៤៧ ដោយបានបាញ់ជាង១០គ្រាប់ុំ

របាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុ ជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសម្ដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមក ក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើង វែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញ់គំរាម ឪពុកមា ជាច្រើនគ្រាប់។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួន យកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការប៉ូលិសខេត្តសៀមរាបនៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕ដោយនាគខៀវ