ខេត្តសៀមរាប៖យុវជនចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា។
ករណីហិង្សា បានកើតឡើង នៅវេលាម៉ោង២យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ..ម វ..ស..ទ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ គ្មាន មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ជិះម៉ូតូម៉ាកzoomer-x ពណ៍ស ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ សៀមរាប 1X-5684 ដោយជិះចេញ ពីកន្លែងរោងការ របស់មិត្តភ័ក្ក ក្នុងភូមិបឹងដូនប៉ា ដោយឌុបមិត្តភ័ក្រ ២នាក់ ទៅទិញបារី។
នគរបាលបន្តថាខណ:ជនរងគ្រោះជិះម៉ូតូត្រឡប់មកដល់កន្លែងរោងការវិញ ស្រាប់តែមាន ជនសង្ស័យ ១ក្រុម មិនស្គាល់អត្តសញ្ញ្ញាណ មានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៦គ្រឿង បានធ្វេីសកម្មភាព ចុះពីលេីម៉ូតូ កាន់ដាវ កាំបិតខ្វែវ និងពូថៅ ដេញកាប់មកលើ ជនរងគ្រោះ ត្រូវចំស្មារខាងស្តាំ បណ្តាលអោយរងរបួស ដេរចំនួន៧ថ្នេរ និងចំថ្ងាសលេីចិញ្ចើមខាងស្តាំ ហេីមដាច់រលាត់ ឯមិត្តភ័ក្រ២នាក់ទៀត បានរត់គេចផុត។
នគរបាលបន្តទៀតថាក្រោយមកក្រុមជនបង្ក បាននាំគ្នាកាប់ម៉ូតូ របស់ជនរងគ្រោះ បណ្តាលអោយខូចខាតទាំងស្រុង ហើយក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួន ក៏ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ និងតម្រួតបទបញ្ជា ឃាត់ម្នាក់ ឈ្មោះ សុខ មេសា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ បុគ្គលិកមីហិរ មានទីលំនៅបច្ចុប្បន្ន នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ នឹងឈានដល់ការឃាត់ខ្លួនបានម្នាក់ទៀត ឈ្មោះសួស ស៊ូ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
នគរបាលបានសងស្រង់សម្ដី ចម្លើយសារភាពរបស់ជនសង្ស័យ ទាំង២នាក់ថា៖ រូបខ្លួនទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាព នេះពិតប្រាកដមែន ដោយខណៈពេលដែលរូបខ្លួនទាំង២នាក់ និងបក្សពួក កំពុងអង្គុយលេងនៅស្ពានរោករ៉ាក មានគ្នាប្រហែល ១០នាក់ ប៉ុន្តែបក្សពួកទាំងអស់នោះ ពួកខ្លួនមិនស្គាល់ឈ្មោះទេ ព្រោះទើបនិងជួបគ្នានៅស្ពានរ៉ោករ៉ាកលើកទី១ ពេលកំពុងអង្គុយលេង ស្រាប់តែក្រុមជនរងគ្រោះ ជិះម៉ូតូមក ហើយជេរប្រមាថ រកកាប់ ទើបពួកខ្លួនខឹង ក៏ជិះម៉ូតូដេញតាម ដោយពេលនោះ បក្សពួក ដែលទើបនិងស្គាល់នោះ មានកាន់ដាវឆ្នៃ ១ដើម កាំបិតតាំងតោ ១ និងពូថៅ១។ ចំណែកពួកខ្លួនទាំង ២នាក់ ជាអ្នកឌុប នៅពេលតាមទៅដល់ចំណុចផ្លូវ ៦០ម៉ែត្រ កែងតូបលក់អីវ៉ាន់ ស្រាប់តែជនរងគ្រោះ ដែលជិះ ម៉ូតូ Zoomer-x បានដួលម៉ូតូ ទើបបក្សពួករបស់ពួកខ្លួន កាប់ទៅជនរងគ្រោះបណ្តាលឲ្យរងរបួស និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតទាំងស្រុង ហើយពួកខ្លួនទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែក បក្សពួកផ្សេងទៀត បានរត់គេចខ្លួនអស់។
ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន២គ្រឿង .ដាវកែឆ្នៃ១ដេីម និងពូថៅ១។ បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕ដោយនាគខៀវ