ខេត្តសៀមរាប៖បើទោះបីជាមានការផ្សព្វផ្សាយ តាមសារព័ត៌មានជាច្រើន ជុំវិញ មានការលើកឡើងថា ក្រុមឈ្មួញដែលបានសិទ្ធិ ទៅកាយយកដី នៅតំបន់អភិរក្សត្រីពូជ បឹងពារាំង យកទៅលក់យកលុយចែកគ្នាជាមួយអ្នកពាក់ព័ន្ធ ហាក់មិនគោរពអនុវត្តតាមការណែនាំ របស់លិខិតរដ្ឋបាលខេត្តសៀមរាប រហូតមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ គេនៅមិនទាន់ឃើញអាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យនៅឡើយទេ។
ប្រភពច្បាស់ការណ៍បានអោយដឹងថា ជាច្រើនខែមកហើយ គេបានឃើញឈ្មួញពីរក្រុម នៅតែបន្តដណ្តើមគ្នា ជីកកាយដី បឹងធម្មជាតិ តំបន់អភិរក្សពូជត្រី បឹងពារាំង ដឹកលក់ក្នុង១ថ្ងៃៗ រាប់រយឡាន ក្រោមរូបភាពស្តារដើម្បីសង្គ្រោះត្រីពូជ។
បើទោះបីជាក្រុមឈ្មួញ សម្រុកជីកកាយដឹកយកដីលក់រាប់ខែឆ្នាំ ហើយត្រឹមតែប្រើពាក្យ (ស្តារបឹង) បែបនេះ គេហាក់មិនទាន់ឃើញមន្ត្រីជំនាញរូបណា បញ្ជាក់ពីការដឹកដី ពីបឹងពារាំងយកទៅលក់យកលុយទៅណានៅឡើយទេ។
ប្រភពបានបង្ហើបថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី ពីតំបន់ធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា ក្នុងការចែកផលប្រយោជន៍ ទៅវិញទៅមក។
យោងតាមលិខិតរបស់សាលាខេត្តសៀមរាប ដែលចុះហត្ថលេខា ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា អនុញ្ញាតអោយជីកស្តារលើផ្ទៃ ដី ១០ហិកតា។ អាចម៍ដីដែលបានពីការជីកស្តារ មួយផ្នែកសម្រាប់ដោះស្រាយការជីកស្តារ ឯមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ តាមត្រូវការក្នុងមូលដ្ឋាន។ ករណីមិនអនុវត្តតាម នឹងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពឈ្មួញក្នុងពេលបច្ចុប្បន្ន គេមិនបានឃើញអនុវត្តទៅតាមលិខិតរបស់សាលាខេត្តនោះទេ។
ដោយក្រុមឈ្មួញប្រឹងជីកយ៉ាងល្ហល្ហេវ និងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រែង បង្កភាពហុយប៉ះពាល់ ការរស់នៅដល់ពលរដ្ឋរៀងរាល់ថ្ងៃ និងថែមទាំងបំផ្លាញផ្លូវលំមួយចំនួនយ៉ាងធ្ងន់ធ្ងរថែមទៀត។
ករណីខាងលើនេះ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង ហើយមិនអនុវត្តតាមលិខិតរបស់សាលាខេត្តបែបនេះទេ។
លោក អ៉ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្សនេះ មានការឯកភាពពីក្រសួងរួចហើយ។អ្នក ធ្វើពិបាក អ្នកថាស្រួលណាស់…. បន្ទាប់ពីស្តារមួយរយ:ពេល ជីវះចម្រះនឹងកើតឡើងវិញ។ ចំណែកលោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប បានបញ្ជាក់ថា ការជីកស្តារនេះ មានការអនុញ្ញាតគ្រប់ស្ថាប័ន។ អាចសាក សួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត ។
ទោះជាបែបនេះ គេនៅមិនទាន់ដឹងថា តើចំណូលដែលបានពីការលក់អាចម៍ដី ដែលដឹកចេញពីបឹងពារាំង ណយ៉ាងគគ្រឹកគគ្រែង ក្នុង១ថ្ងៃៗរាប់សិបឡាននេះ ចូលដល់រដ្ឋ ដែរឬយ៉ាងណានោះទេ។
មន្ត្រីនៃសហគមន៍ក្នុងសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស មួយចំនួនបានបង្ហើបថា ចាប់តាំងពីមានការជីកស្តារដឹកដី ចេញពីបឹងពារាំង មិនមានភ្ញៀវចូលទៅទស្សនាទេសភាពព្រៃលិចទឹក ក៏ដូចជាហ្វូងសត្វស្លាប ក្នុងបឹងធម្មជាតិនេះទេ ខណ:ឆ្នាំកន្លងទៅមុនពេលជីកស្តារ មានភ្ញៀវទៅទស្សនាស្ទើតែរកកាណូតដឹកជូនមិនបាន។
ពួកគេក៏បានស្នើសុំអោយជំនាញពាក់ព័ន្ធ មេត្តាបើកការស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ផ្លូវលំ និងដីបឹងធម្មជាតិ បឹងពារាំង ពិសេសដីល្បាប់ផ្នែកខាងលើ ដែលមានជីវ:ចម្រុះសម្រាប់ត្រីពងនិងកូន ត្រូវបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃឈ្មួញពីរក្រុមនាពេលបច្ចុប្បន្នជាក់ជាមិនខាន។
សូមបញ្ជាក់ថា ព្រោះតែដណ្តើមប្រយោជន៍គ្នាពីបឹងពារាំង កាលពីដើមខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅ ឈ្មួញពីក្រុមបានវ៉ៃតប់គ្នាយ៉ាងសាហាវព្រៃផ្សៃ រហូតគម្រាមបញ្ចប់តំណែងប្រធានសហគមន៍បឹងពារាំងទៀតផង នៅចំណុចកុងត្រូល ផ្លូវចូលទៅកាន់បឹងពារាំង។ភ្លាមៗនោះមអាជ្ញាធរក៏ចុះទៅបិទ សកម្មភាពជីកស្តារបឹង បានត្រឹមមួយដង្ហើមចង្រិត ហើយក៏បន្តបើកឡើងវិញ៕SRP