អភិបាលរងស្រុកស្វាយលើ ម្នាក់ បានរងការចោទប្រកាន់ថា នាំបក្សពួក ប្រើអំពើហិង្សាលើ ចាងហ្វាងកាសែត ព្រោះតែកាងកូនប្រុសឈូសឆាយដីព្រៃរបស់រដ្ឋ

អភិបាលរងស្រុកស្វាយលើ ម្នាក់ បានរងការចោទប្រកាន់ថា នាំបក្សពួក ប្រើអំពើហិង្សាលើ ចាងហ្វាងកាសែត ព្រោះតែកាងកូនប្រុសឈូសឆាយដីព្រៃរបស់រដ្ឋ

ខេត្តសៀមរាប៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយលាតត្រដាងរឿងអាស្រូវ របស់លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ផឹកស៊ីស្រវឹងជោគជាំ មានកំហឹងក្រេវក្រោធ បាននាំកូនប្រុសរបស់ខ្លួន មកប្រើអំពើហិង្សាលើ លោក ឆោម ស៊ីថា ភេទប្រុស ចាងហ្វាងកាសែតកម្ពុជា ដោយសារខឹងសម្បានឹងចាងហ្វាងអ្នកកាសែតរូបនេះ បានចុះផ្សាយអំពីឈ្មោះ វៃ ដែលជាកូនប្រុសរបស់ខ្កួន បានឈូសឆាយដីព្រៃរបស់រដ្ឋអស់រាប់រយហិកតា។

ការប្រើអំពើហិង្សានេះកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។

ប្រភពពីពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានលួចខ្សឹបប្រាប់ថា លោក ឆោម ស៊ីថា រងការវាយដំពី លោកអភិបាលរងស្រុកស្វាយលើ និងគូកន (កូនប្រុសពីរនាក់) ពិតប្រាកដមែន ដោយមានអ្នកវាយ មានអ្នកថតរូបទុកទៀតផង តែសំណាងល្អ​ បានបងប្អូនពលរដ្ឋ ដែលនៅក្បែរនោះ ទៅជួយអន្តរាគមន៍ ចាប់ឃាត់បំបែក។

លោក ឆោម ស៊ីថា បានប្រាប់កាសែតក្នុងស្រុកមួយថា៖ រូបលោកពិតជាត្រូវបាន លោកអភិបាលស្រុកស្វាយលើ​ និងកូនៗរបស់គាត់ ប្រើហិង្សាពិតប្រាកដមែន។

លោក ឆោម ស៊ីថា បន្តថា បន្ទាប់ពីមានការប្រើអំពើហិង្សាយ៉ាងដូច្នោះ លុះព្រឹកឡើងខាងស្រុក បានមកសុំទោស សូមសម្របសម្រួលបញ្ចប់រឿងអស់ហើយ។

លោកឆោម ស៊ីថា បានបន្ថែមថា លោករស់នៅក្រោមការគ្រប់គ្រងរបស់គេ​ ហើយគេជាអភិបាលរងស្រុក​ផង​ លោកមិនហ៊ានតតាំងជាមួយគេទេ សុំតែរស់ សុំតែសុខ ទៅបានហើយ។

សូមជម្រាបថា ថ្មីៗនេះមានបណ្ដាញសារព័ត៌មាន បានចុះផ្សាយថា ឈ្មោះ វៃ កូនលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើបានយកគ្រឿងចក្រអេស្កា ទៅឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋ នៅឃុំកន្ទួតនិងឃុំតាសៀម រាប់រយហិកតា។

អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលការបកស្រាយបំភ្លឺ ពីលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ និងលោក វៃ កូនប្រុសខ្លួនបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកស្វាយលើ ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតគ្នា ជួលគ្រឿងចក្រឈូសឆាយដីរបស់រដ្ឋ អស់រាប់រយហិកតា ដើម្បីវាទយកធ្វើជាកម្មសិទ្ធិ។

ករណីនេះមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ការឈូសឆាយដីព្រៃនៅតំបន់ស្រុកស្វាយលើ គ្រប់គ្រងដោយខាងបរិស្ថាននិងតំបន់ខ្លះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។

នៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប សម្ដេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព៕SRP