ខេត្តសៀមរាប៖សិស្សសាលាម្នាក់បានស្លាប់នៅនឹងកន្លែងខណៈ កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍កើតឡើង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង៣០នាទី លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតនៅក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
ប្រភពបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ
រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅផ្សេងគ្នា ដោយរថយន្តម៉ាក Nissan Bigthumb ពណ៌បៃតង ពាក់ស្លាកលេខ សៀមរាប 3A-3217 សេរីឆ្នាំ២០០៣ បើកបរក្នុងទិសដៅពីលិច ទៅកើត (អ្នកបើកបររត់គេចខ្លួន) បុកជាមួយម៉ូតូ ម៉ាក ហុងដា សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1O-5991 បើកបរដោយឈ្មោះ សាំង គិមសៀក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស និងឈ្មោះ រិទ្ធ ដារ៉ូ (ស្លាប់) ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរសិស្ស។
អ្នកទាំងពីររស់នៅភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរក្នុងទិសដៅពីត្បូងទៅជើង។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរដោយខ្វះការប្រុងប្រយ័ត្ន។ ចំណែកវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ខណៈតៃកុងរថយន្តរត់គេចខ្លួនបាត់៕SRP