លោកអ៊ុន​ ចាន់ដា​ ប្រាប់មន្ត្រីគណបក្សនៅមូលដ្ឋាន ត្រូវធ្វើអំពើល្អដល់ពលរដ្ឋ

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា បានថ្លែង​ថា​ ការកសាងសមាជិក គណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ លើការធ្វើអំពើល្អ ដល់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅផងដែរ។ លោកថា ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិក បក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ។

លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រាប់សមាជិកបែបនេះ
ក្នុង​ពិធីប្រកាស​បញ្ចូលសមាជិកថ្មីចំនួន ៧៦០នាក់ មកពីសង្កាត់វាលវង់ និងសង្កាត់កំពង់ចាម នៅថ្ងៃចន្ទនេះ។

លោកក៏បានណែនាំដល់ ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួល ដល់សមាជិកបក្ស រាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់។

ប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយពីគោលនយោបាយ គណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ផងដែរ​។

គួរ​បញ្ជាក់​ថា​ សមាជិក​ថ្មី​ ចំនួន​ ៧៦០នាក់​ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ ក្រុង​កំពង់ចាម​ ក្នុង​នោះ​សមាជិក​មកពីសង្កាត់វាលវង់ ចំនួន​ ៥២២នាក់ និង សង្កាត់កំពង់ចាម ចំនួន​ ២៣៨នាក់​៕SRP