សម្តេចហ៊ុន សែន ព្រមានដកតំណែង អគ្គនាយកទូរទស្សន៍ជាតិ បើមិនផ្សាយការប្រកួតស៊ីហ្គេម

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែ ក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ នៅថ្ងៃចន្ទ នេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្ដីបន្ទោសដល់រដ្ឋមន្ត្រីព័ត៌មាន និងអ្នកគ្រប់គ្រង ស្ថានីយទូរទស្សន៍ជាតិ ឱ្យចាប់អារម្មណ៍ ផ្សាយការប្រកួតស៊ីហ្គេមវិញបន្ទាប់ពីខកខានផ្សាយការប្រកួតកាលពីម្សិលមិញ។ ករណីនេះ សម្ដេចហ៊ុន សែន ព្រមាន ដកអគ្គនាយកនៃស្ថានីយន៍ទូរទស្សន៍ជាតិចេញពីតំណែងផងដែរប្រសិនជាមិនអាចធ្វើរឿងនេះបាន។

នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចចង់ឱ្យស៊ីហ្គេមក្លាយជាបុណ្យជាតិ ដែលអបអរ ទូទាំងប្រទេស ដោយសម្រួលការលំបាក ឱ្យប្រជាពលរដ្ឋ ដែលចង់មើលការប្រកួតតែបែរជាខកចិត្តវិញដោយសារទូរទស្សន៍ជាតិ មិនបានផ្សាយទូលំទូលាយពីព្រឹត្តិការណ៍កីឡានេះ។

សម្ដេចថា៖ «ផ្សាយឱ្យវាសប្បាយទូទាំងប្រទេសមើល! […] បើខ្ញុំទៅវិញអត់មានធ្វើទេលោកអ្នកនឹងអស់តំណែងមុនម៉ោង ៩យប់ និយាយប្រាប់ឱ្យហើយ»។

សម្ដេចតេជោបានស្នើដល់ស្ថានីយទូរទស្សន៍ឯកជនធ្វើការផ្សព្វផ្សាយពីការប្រកួតកីឡានេះឱ្យបានទូលំទូលាយផងដែរ៕SRP