នៅទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ១១នាក់ ដាក់ពន្ធនាគារគារ ពីបទដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទដឹកជញ្ជូនផល, ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅចំណុចអូរកំភ្លុក ត្រាំអង្ក្រង ត្រពាំងទា អន្ទង់ត្បាល់ បន្ទាយសៀម ត្រពាំងកាត់សក់ សោមដេប៉ូ ភ្នំចម៉ ក្នុងដែនការពារបរិសា្ថនកំពតគយ នៃដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅភូមិអាជន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្ត ក្រចេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត ៩៦ កថាខណ្ឌ១ ចំណុច២ និង មាត្រា៩៨ កថាខណ្ឌ២ ចំណុច១ នៃច្បាប់ស្តីពីព្រៃឈើ។
ការសម្រេចឃុំខ្លួនមនុស្សទាំង ១១នាក់ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយលោកគុយ ពិទូ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ។
សូមជម្រាបថាប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ ឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។
យោងតាមរបាយការណ៏បឋមបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ពីថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា រឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ ២៤៣ សសរចំនួន០៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ ២០១ (វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ)
+ ឃាត់រថយន្តសណ្តោងរ៉ឺម៉ក០៧គ្រឿង គោយន្តកន្ត្រៃ១៣គ្រឿង ម៉ូតូ០១គ្រឿង ប្រេងសាំង៣០លីត្រ រណារយន្ត០៥គ្រឿង កៅឡាក់១៤គ្រាប់
+ ឃាត់ខ្លួនមនុស្ស១២នាក់ (ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ)៕SRP