លោកគួច ចំរើន ថ្លែងអំណរគុណសម្ដេចតេជោ នឹងក្រុមការងារទាំងអស់ បានរួមសហការគ្នា កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលយ៉ាងត្រចះត្រចង់

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដែលជាជ្រៅ ចំពោះថ្នាក់ដឹកនាំសម្ដេចតេជោ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងការដឹកនាំគណៈកម្មការតំបន់ឆ្នេរ ក៏ដូចជាក្រុមការងាររបស់ក្រុមហ៊ុនម៉ៅការទាំងអស់ ព្រមទាំងកងកម្លាំងអាជ្ញាធរ និងមន្ត្រីជំនាញ ដោយនៅពេលកន្លងមក បានរួមសហការគាំទ្រគ្នា ជំរុញក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុ ទទួលបាន នូវសមិទ្ធផលយ៉ាងត្រចះត្រចង់ នៅអបអរសាទរ ពីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ រួមទាំងសាធារណៈមតិ និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ ហើយសមិទ្ធផលទាំងអស់នេះ គឺដោយសារការខំប្រឹងប្រែងរបស់យើងទាំងអស់ គ្នាពីថ្នាក់ដឹកនាំ ដែលបានផ្ដល់នូវសមិទ្ធផលសម្រាប់យើង និងសម្រាប់ជាតិរបស់យើងទាំងគ្នាផងដែរ។

លោក គួច ចំរើន បានមានប្រសាសន៍ យ៉ាងដូច្នេះក្នុងពិធីប្រគល់ទទួលសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ប្រគល់ជូនដល់រដ្ឋបាលខេត្ត ដែលស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ម្សិលមិញ។

លោកលី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ ក្នុងពិធីថា ផែនការរបស់រាជរដ្ឋាភិបាល ដោយបានប្រកាសបើកការដ្ឋាន នៅកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការអញ្ជើញគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ដោយបានសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់នៅកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ហើយក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ នៅក្នុងក្រុង/ខេត្តព្រះសីហនុ មានប្រវែងសរុប ទាំងអស់គឺ ៨៤.០៦៦គីឡូម៉ែត្រ ដោយក្នុងនោះមាន៖ ផ្លូវមហាវិថីចំនួន ៣ខ្សែ,ផ្លូវវិថីចំនួន ១៥ខ្សែ និងអនុវិថី ១៩ខ្សែ។

លោកបន្តថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់នេះ គឺជាដំបូងឡើយ ដែលបានក្រុមការងារគិតគូរ ពីគណៈកម្មការជាតិអភិវឌ្ឍន៍គ្រប់គ្រង តំបន់ឆ្នេរកម្ពុជា ដោយគិតគូដំបូង អំពីផ្លូវធ្វើយ៉ាងណា ឱ្យមានផ្លូវផ្សេងទៀត ក្នុងការបញ្ជៀស តាមផ្លូវជាតិលេខ៤ ដោយហេតុដូច្នេះហើយ ទើបយើងមានមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅផងដែរ៕SRP