ខេត្តកំពង់ចាម៖នៅមុខកម្មករ កម្មការិនី នៅរោងចក្រ មេតថេក ក្នុងពិធីសំណេះសំណាលជាមួយ នាឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០២៣ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម នៅថ្ងៃសៅរ៍នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអះអាងថា ដោយសារប្រទេសកម្ពុជាយើង មានសុខសន្តិភាព ទេីបមានអ្នកវិនិយោគទុន ចូលមកបេីករោងចក្រ ដោយឡែកបេីស្រុកទេសមានសង្រ្គាម គ្មានអ្នកណាគេហ៊ានចូលមកក្បែរនោះទេ។ ជាក់ស្ដែង វិស័យរោងចក្រកាត់ដេរនៅទូទាំងខេត្តកំពង់ចាម បានផ្តល់ឱកាស ឱ្យកម្មករ-កម្មការិនី យើងជាង៣ម៉ឺននាក់ មានការងារធ្វេី និងមានប្រាក់ខែ សម្រាប់ផ្គត់ផ្គង់ជីវភាព គ្រួសារផងដែរ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើវិស័យ ជាច្រើន ដេីម្បីលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ កម្មការិនី ក្នុងនោះក៏មានការផ្ដល់នូវសេវាគាំពារ សង្គម ការលើកម្ពស់សុខភាព មាតា និងទារក សម្រាប់បងប្អូនជាស្ត្រី តាមរយៈ ការប្រើប្រាស់នូវប័ណ្ណ ប ស ស និងប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ខណៈបច្ចុប្បន្ននេះស្ត្រីមានផ្ទៃពោះ បានប្រើប្រាស់សេវានេះ ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយ និងលើកកម្ពស់អត្រាមរណៈភាពមាតា និងទារកផងដែរ។
អភិបាលខេត្ត បានថ្លែងបន្តថា រោងចក្រដំណើរការបានជោគជ័យអាស្រ័យ ទៅលើថៅកែ ដែលមានចក្ខុវិស័យវែងឆ្ងាយ ចំពោះផលិតផល ដែលមានគុណភាព តម្រូវទៅតាមទីផ្សារ ជាពិសេសការគិតគូរ ចំពោះសុខមាលភាព របស់កម្មករ កម្មការិនី ទាំងផ្លូវកាយ និងផ្លូវចិត្ត ពីពោះថារោងចក្រដំណើរការបានល្អ ក៏អាស្រ័យលើកម្មករ កម្មការិនី ផងដែរ ដូច្នេះសូមឱ្យរួមគ្នាដេីម្បីនាំមកនូវការរីកចម្រើនទាំងអស់គ្នា។
អភិបាលខេត្តកំពង់ចាម ក៏បានសង្កត់ធ្ងន់ថា រោងចក្រដំណើរការបានជោគជ័យ អាស្រ័យដោយសារប្រទេសជាតិយើង មានសុខសន្តិភាព មានប្រព័ន្ធទូរគមនាគមន៍ គ្រប់គ្រាន់ និងការគ្រប់គ្រងជំងឺកូវីដ១៩ ព្រមទាំងមានកំណើន សេដ្ឋកិច្ចល្អ។ ដូច្នេះសូមឱ្យបងប្អូនកម្មករ កម្មការិនី ទាំងអស់គ្នា ចូលរួមការពារសុខសន្តិភាព ឱ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍរីកចម្រើន ក៏ដូចជាឱកាសការងារផងដែរ៕SRP