លោក សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកសង្កែ ជាពិសេសអ្នករស់នៅជាប់ផ្លូវជាតិលេខ៥ ទាំងអស់ ចូលរួមរៀបចំបរិស្ថាន និងចងទងជាតិមុខផ្ទះ អោយបានគ្រប់ខ្នងផ្ទះដើម្បីទទួលស្វាគមន៍ និងអបអរសាទរការដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមកដល់ខេត្តបាត់ដំបងនៅថ្ងៃទី១ ខែឧសភា ខាងមុខនេះ។
ការអំពាវនាវ របស់លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាស បន្តអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង។
ថ្លែងនៅបរិវេណសាលាស្រុកសង្កែ នៅថ្ងៃសៅរ៍នេះ លោក សុខ លូ ក៏បានមានប្រសាសន៍នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ បើទោះបីសម្ដេច មិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែង ដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋ ដែលកំពុងជួបនូវការរងគ្រោះផងដែរ។
លោក បានសំដែងនូវការសោកស្ដាយ ជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូន នាពេលនេះ មានចំនួនមិនសមល្មម នឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាល ទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះ ប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេសគឺ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោក សុខ លូ ក៏បានណែនាំដល់មន្រ្ដីសាខាកាកបាតក្រហមកម្ពុជាខេត្តបាត់ដំបង ត្រៀមក្រុមការងារដែលមានជំនាញផ្នែកសង្រ្គោះបឋម ចុះទៅតាមបណ្ដាក្រុង ស្រុក និងនៅតាមភូមិសាស្រ្ដក្នុងខេត្ត ដើម្បីធ្វើការពន្យល់ ណែនាំ និងបង្រៀនដល់ ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីការសង្រ្គោះខ្លួនឯង យល់ដឹងអំពីរបៀបគេចចេញពីគ្រោះរន្ទះបាញ់ ឬលង់ទឹកជាដើម ដើម្បីងាយស្រួល ក្នុងការសង្រ្គោះបឋម ដោយខ្លួនឯង បើសិនជាជួបប្រទះហេតុការណ៍ណាមួយជាយថាហេតុ។
សូមជម្រាបថា ប្រជាពលរដ្ឋ រងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៥៧គ្រួសារ មកពីភូមិចំនួន១៨លើ ឃុំចំនួន៨នៃស្រុកសង្កែ ក្នុងនោះគ្រួសារ(រលំទាំងស្រុង២ខ្នង និងរបើកដំបូល៥៥ខ្នង) ដែលរងគ្រោះកន្លងទៅ ដោយបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ដោយឡែកគ្រួសាររលំទាំងស្រុងបន្ថែម មុង១ និងសំពត់តង១ផងដែរ៕SRP