ខេត្តសៀមរាប៖រថយន្តស៊េរីទំនើបមួយគ្រឿងបានបុកម៉ូតូចំពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុច ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។
របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវៀងរថយន្តនឹងម៉ូតូ ដោយរថយន្តម៉ាកHUMMER ពណ៌ខ្មៅ ពាក់់ផ្លាកលេខភ្នំពេញ.2J3939 (អ្នកបើកបររត់បាត់)បើកបរពីលិចទៅកើត បានបុកជាមួយនឹងម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅសេរី 2018 ពាក់ផ្លាកលេខសៀមរាប1AC 8248 បើកបរដោយឈ្មោះសាប់ ហឿង ភេទប្រុសអាយុ78ឆ្នាំ រស់នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្ដង។
របាយការណ៍បានបន្តថា មូលហេតុជនរងគ្រោះបើកម៉ូតូ ឆ្លងថ្នល់ពីត្បូងទៅជើងខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនឹងម៉ូតូរក្សាទុកនៅអធិការនគបាលស្រុករងចាំដោះស្រាយនៅពេលក្រោយ៕SRP

