អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីឲ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លី ឲ្យបានឆាប់រហ័ស

0

ខេត្តកំពង់ចាម៖ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ​ និង​អាជ្ញាធរ​ស្រុកជើងព្រៃ នៅថ្ងៃព្រហស្បតិ៍នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មន្ត្រី ឲ្យពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ​។ ជាពិសេស​ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានា​ និងផ្ដល់ការគាំទ្រ ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។​ លេីសពី​នោះ​ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺបំប្លែងខ្លួនថ្មី «ប្រភេទ អូមីក្រុង»​ ព្រមទាំង​ធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំនូវវិធានការនានា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ររួមនឹងវិធានការ៣ការពារនិង៣កុំផងដែរ​។

អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ និង​អាជ្ញាធរ​ស្រុក​ជេីងព្រៃ​ ក៏ដូចជា​មន្ត្រីពាក់ព័ន្ធ​ទាំងអស់​ ឲ្យបង្កើន​ការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ​ឲ្យកាន់តែល្អទ្វេឡើង និង​ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ៕SRP