ភ្នំពេញ៖លោក លីន បៃហ្វេង បានមានប្រសាសន៍ថា សេដ្ឋកិច្ចឌីជីថល នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង កម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ ក្នុងន័យនេះ លោកសូមគោរពសុំការគាំទ្រពីសម្ដេចតេជោ ចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។
លោក លីន បៃហ្វេង បានសូមគោរព ថ្លែងអំណរគុណជាអនេកជូនចំពោះសម្ដេចតេជោ ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោករយៈពេលជាង ២៣ឆ្នាំកន្លងមក និងផ្តល់នូវការទុកចិត្តដល់ក្រុមហ៊ុនរបស់លោក និងអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ទាំងក្នុងវិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងលើវិស័យដទៃទៀត។
លោក លីន បៃហ្វេង ក៏បានផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខា ដែលមានជាក្តាដែលអាចសរសេរបាន ក្តាដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូ ចំនួន១០០ និងកំព្យូទ័រចំនួន ៥០០គ្រឿង សម្រាប់ប្រើប្រាស់តាមតម្រូវការ។
លោក លីន បៃហ្វេង (Lin Baifeng) ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក មានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នៅព្រហស្បតិ៍នេះក្នុងឱកាសចូលជួបពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក លីន បៃហ្វេង ដែលកន្លងមកបានផ្ដល់ជូនកម្ពុជានូវគ្រឿងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងនៅពេលនេះបានផ្តល់ជូននូវគ្រឿងបរិក្ខាសម្រាប់ការតភ្ជាប់ការប្រជុំតាមប្រព័ន្ធវីដេអូផង និងកំព្យូទ័រ ផងដេរ។
សម្តេចតេជោបានស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្នុងការបន្តធ្វើការជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាព ព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង៕SRP

