ខេត្តកោះកុង៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា«មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ពោលត្រូវរួមសហការគ្នា ក្នុងការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក ទើបព័ត៌មានមានភាពជោគជ័យ និងសុក្រឹត្យ»។
ក្នុងសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» នៅខេត្តកោះកុង លោកខៀវ កាញារីទ្ធ បានថ្លែងបន្តថា ក្រសួងព័ត៌មានបានឯកភាព និងបន្តចូលរួមខំដំណោះស្រាយបញ្ហាប្រឈម និងកង្វះខាតនានា។ មួយវិញទៀតសូមប្រធានមន្ទីរអង្គភាព បង្កើតអ្នកនាំពាក្យសម្រាប់ឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរដ្ឋបាលខេត្ត ងាយស្រួលក្នុងការទំនាក់ទំនងសាធារណៈ ហើយត្រូវផ្សព្វផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវព្យាយាមដាក់ព័ត៌មានពិតជូនដល់សាធារណជន។
លោករដ្ឋមន្ត្រីបន្តថា «អ្នកនាំពាក្យត្រូវឆ្លើយតបឲ្យទាន់ពេលវេលា ក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់មូលដ្ឋាន និងសាធារណជន»។ លោកបានជូនយោបល់ និងការណែនាំថា «អ្នកសារព័ត៌មាន មុនសរសេរព័ត៌មានឲ្យមានសុក្រឹត្យ យើងត្រូវចុះយកព័ត៌មានឱ្យដល់ទីកន្លែងហ្នឹង រកប្រភពឱ្យបានច្បាស់លាស់ និងធ្វើការទំនាក់ទំនង ជាមួយអាជ្ញាធរដែនដី ដែលជាអ្នកនាំពាក្យក្នុងការផ្ដល់ព័ត៌មានច្បាស់ការ ជូនដល់អ្នកសារព័ត៌មានយើង ដើម្បីសរសេរព័ត៌មានឲ្យមានតម្លាភាពល្អ ច្បាស់ការជាក់លាក់ ចៀសវៀងការសរសេរព័ត៌មាន បំប៉ោងជាលក្ខណៈ ក្លែងក្លាយនាំឲ្យមានបញ្ហាដល់ខ្លួន»។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង បានរៀបចំបើកសិក្ខាសាលាស្តីពី «ការិយាល័យព័តមានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្រោមវត្តមានលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការចំនួន៤ខេត្តផងដែរ៕SRP

