ខេត្តសៀមរាប៖ក្មេងស្រីដែលរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារប៉ូលិសខេត្តសៀមរាបម្នាក់នោះ ខណៈពេលនេះ ក្មេងរងគ្រោះកំពុងស្ថិតនៅក្នុងការតាមដានសុខភាពពីក្រុមគ្រួពេទ្យនៅឡើយ។
តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា «ចៅស្រីគួរឲ្យអាណិត អាយុទើបតែ១៣ ខែ ត្រូវរងគ្រោះដោយអំពើហិង្សា ពេលនេះកំពង់ស្ថិតក្នុងការ បន្តតាមដាន របស់ក្រុមគ្រូពេទ្យជ័យវរន្ម័ទី៧(គន្ធបុប្ផា)ខេត្តសៀមរាប»។ ការលើកឡើងរបស់លោកស្រី យូ សុភា ធ្វើឡើងបន្ទាប់ពីបានទទួលការណែនាំពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប ឲ្យធ្វើកិច្ចការនេះជាបន្ទាន់។ ជាមួយគ្នានេះដែរ លោកប្រាក់ សោ ភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងជាអភិបាលរងខេត្តសៀមរាប ក៏បានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុក ដោយមានរូបក្មេងរងគ្រោះ ដោយអមនិងសំណេរថា « លើកដៃទៅរួច »។ ជនសង្ស័យជានគរបាលរូបនេះ មានឋានៈនិងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស 71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ។ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើទោះបីជាមានការជជែកគ្នា និងមានបទបញ្ជាពីអភិបាលខេត្តសៀមរាប ទៀ សីហា ឲ្យមន្ត្រីសមត្ថកិច្ចជំនាញចុះស៊ើបអង្កេត លើ ឈ្មោះលក្ខិណា វីរៈរិទ្ធ រូបនេះ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ជនសង្ស័យ រូបនេះ នៅមិនទាន់ត្រូវបានសមត្ថកិច្ច ហៅមកបំភ្លឺនៅឡើយ ខណៈជនសង្ស័យរូបនេះកំពុងតែជាប់រៀនវគ្គបំប៉នជំនាញ នៅខេត្តកំពង់ស្ពឺ ឯណោះ។
មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់ សៀមរាបប៉ុស្ដិ៍ ថា ចំពោះករណីខាងលើនេះស្នងការនគរបាលខេត្តសៀមរាប បានមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងបន្តនីតិវិធី។ ជាមួយនេះគ្នានេះ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះ ម្ដាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងចូលមកការិយាល័យជំនាញរួចហើយ និងកំពុងដំណើរការនីតិវិធី។
សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្ដាញសង្គម facebook មានការបង្ហោះនិងចែករំលែកតៗគ្នា ដោយលើកឡើងថាបុរសដែលពាក់ឯកសណ្ឋានជានគរបាលនេះអាចជាប់ពាក់ព័ន្ធ បានប្រើអំពើហិង្សាទៅលើក្មេងបណ្ដាលឱ្យរងរបួស ដោយករណីនេះទទួលនូវការរិះគន់យ៉ាងខ្លាំងពីមហាជន។
អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក លក្ខិណា វីរៈរិទ្ធ នៅឡើយទេ ជុំវិញការលើកឡើងចោទប្រកាន់បែបនេះ ហើយគេនៅពុំទាន់ឃើញ លោកលក្ខិណា វីរៈរិទ្ធ ចេញមុខបំភ្លឺនោះដែរ៕SRP

