ប្រសាសន៍ សំខាន់ៗ របស់សម្តេចហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវជាតិលេខ២១

0

ខេត្តកណ្ដាល៖អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល នៅថ្ងៃពុធ នេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនៅចងចាំពីស្ថានភាពដ៏លំបាកនៃផ្លូវជាតិលេខ២១ កាលពីអតីតកាល ហើយក្រៅតែកង្វល់ពីស្ថានភាពលំបាកនៃផ្លូវជាតិលេខ២១ហើយនោះ សម្តេចតេជោក៏កង្វល់ពីការបាក់ច្រាំងនៅតាមបណ្តោយនេះផងដែរ។ តែឥឡូវនេះ បានដោះស្រាយក្តីកង្វល់នេះអស់ហើយ តាមរយៈការសាងសង់ថ្មី និងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ២១នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ២១នេះ គ្រោងសម្ពោធតាំងពីអំឡុងខែមីនាឆ្នាំ២០២១មកម្លេះ ក៏ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទើបត្រូវពន្យាររហូតមកដល់ពេលនេះទើបសម្ពោធ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ២១ នេះជាផ្លូវដែលបានបម្រើយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ សម្រាប់ការផ្តល់ប្រាក់កម្ចី ក្នុងការសាងសង់ផ្លូវជាតិលេខ២១នេះ។ សមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្ររួចហើយ។ សម្តេចតេជោបានបង្ហាញក្តីរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ដែលទើបជាប់ឆ្នោតថ្មី នឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នេះបានសម្រេចសាងស្ពាន២កន្លែង ដោយទី១យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងស្ពាន១ទៀតចេញជ្រោយចង្វា ទៅតំបន់អរិយក្សត្រតែម្តង៕SRP