ភ្នំពេញ៖លោក Benoit Bosquet ប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកលនូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធានាគារពិភពលោក
នៅរសៀលថ្ងៃអង្គារ ម្សិលមិញ បានជួបពិភាក្សាការងារ ជាមួយសម្ដេចស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។ នៅក្នុងជំនួប លោក Benoit Bosquet ក៏បានជម្រាបសម្ដេច ស ខេង អំពីអត្ថប្រយោជន៍ដែលគម្រោងទាំងនេះ បានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលជាគោលដៅនៃការអនុវត្តគម្រោង ដោយលោកបានមានប្រសាសន៍ថា ធានាគារពិភពលោកនៅតែបង្ហាញការប្ដេជ្ញាចិត្តក្នុងការរួមចំណែក តាមរយៈការអនុវត្តគម្រោងបែបនេះ សំដៅធ្វើយ៉ាងណាចូលរួមចំណែកលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេចស ខេង បានសម្ដែងការស្វាគមន៍លោក Benoit Bosquet និងសហការី និងបានយកឱកាសនេះថ្លែងអំណរគុណធនាគារពិភពលោក ដែលបានជួយគាំទ្រដល់គម្រោងសំខាន់ៗមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដូចជា គម្រោងគណនេយ្យភាពសង្គម គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងគម្រោងគ្រប់គ្រងសំណល់រឹង។
សម្ដេចបានមានប្រសាសន៍ថា ការគាំទ្រតាមរយៈគម្រោងសំខាន់ៗទាំង៣ ពីសំណាក់ធនាគារពិភពលោក ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ នៅមូលដ្ឋាន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់គោលដៅនៃការអនុវត្តគម្រោងទាំងនោះ។
លោក Benoit Bosquet ក៏បានជម្រាបជូនសម្ដេច ស ខេង និងមន្រ្តីពាក់ព័ន្ធកម្ពុជា ដែរថា ទន្ទឹមនឹងការអនុវត្តគម្រោងទាំងនេះ ក៏នៅមានកិច្ចការមួយចំនួនទៀត ដែលភាគីទាំងពីរត្រូវបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត លើកិច្ចការដែលពាក់ព័ន្ធនឹងគម្រោងទាំង៣ សំដៅធ្វើយ៉ាងណារក្សានិរន្តរភាពនៃការអនុវត្តគម្រោង ទាំងនេះ ដើម្បីបំរើដល់ផលប្រយោជន៍ ប្រជាពលរដ្ឋបន្តទៅមុខទៀត។
លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីក្រសួងមហាផ្ទៃ ដែលបានសហការអនុវត្ត និងដំណើរការគម្រោងសំខាន់ៗដូចបានលើកឡើងខាងលើ។
សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណលោក Benoit Bosquet និងគណៈប្រតិភូធនាគារពិភពលោក ហើយថា.សម្ដេច ព្រមទាំងសហការី ត្រៀមជានិច្ចក្នុងការជជែកពិភាក្សាជាមួយភាគីធនាគារពិភពលោក ដើម្បីធនាបាននិរន្តរភាពនៃគម្រោងសំខាន់ៗទាំងនេះ សំដៅបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
តាមរយៈបទពិសោធន៍ផ្ទាល់ សម្ដេចក៏បានគូសបញ្ជាក់អំពីការជួបប្រាស្រ័យ ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលជាគោលដៅនៃការអនុវត្តគម្រោងទាំងនេះ ដោយសម្ដេចសង្កេតឃើញការគាំទ្រ របស់ប្រជាពលរដ្ឋ ដែលបានទទួលអត្ថប្រយោជន៍ពីគម្រោងទាំងនេះ។ ដូច្នេះសម្ដេចលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តការពិភាក្សា សំដៅធ្វើយ៉ាងណាទទួលបាននូវការគាំទ្របន្ថែមទៀត ពីសំណាក់ធនាគារពិភពលោក ដើម្បីឱ្យគម្រោងសំខាន់ៗទាំងនេះបន្តនិរន្តរភាពសម្រាប់បំរើផលប្រយោជន៍ប្រជាជន៕SRP

