ប្រសាសន៍សំខាន់ៗ សម្ដេចស ខេង នៅខេត្តព្រៃវែង នៅព្រឹកមិញនេះ

0

ខេត្តព្រៃវែង៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃអង្គារ នេះ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំខាន់ៗថា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ បានខិតខំពេញភារកិច្ច និងគាំទ្រដល់ការបំរើសេវាសាធារណៈបានល្អជូនប្រជាពលរដ្ឋ ពិសេសការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមចំណែកដល់ការបើកសម្មភាព និងសង្គមឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

សម្ដេចបានមានប្រសាសន៍ថា កន្លងមក មានអ្នកនយោបាយមួយចំនួនបានរិះគន់តិទៀនមកលើរាជរដ្ឋាភិបាលថាមិនចេះធ្វើអ្វី និងចេះតែលើកដៃសំពះពលរដ្ឋសុំសន្លឹកឆ្នោតពេលបោះឆ្នោត។ សម្ដេចបានចោទជាសំណួរថាតើការអត្ថាប្បាយនេះជាការពិតឬមិនពិត ចម្លើយគឺសម្ដេចទុកឱ្យប្រជាពលរដ្ឋជាអ្នកវាយតម្លៃ។

សម្ដេចបានទាញចំណាប់អារម្មណ៍អង្គសន្និបាត ថាចាប់តាំងពីទទួលបានឯករាជ្យពីបារាំងមកឃើញថាសុខសន្តិភាព និងស្ថេរភាពជាតិ កម្ពុជាមិនដែលមានដូចពេលនេះឡើយ។ ពេលនេះដែលសម្ដេចក្រឡាហោម បានសំដៅដល់ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ គ្មានឧទ្ទាមក្រៅច្បាប់កាន់អាវុធប្រឆាំងរាជរដ្ឋាភិបាល ដែលកំពុងកាន់អំណាចបានមកពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ។

សម្ដេចបន្តក្នុងន័យដើមថា «នេះជាចំណុចពិសេសដែលបញ្ជាក់ឱ្យឃើញថាយើងមិនមែនមិនចេះធ្វើអីនោះទេ យើងចេះធ្វើតាំងពីប្រទេសជាតិមានសង្គ្រាម ការបែកបាក់ខ្ទិចខ្ទាំ រហូតទីបំផុតយើងបានស្រង់កេរឈ្មោះមុខមាត់ប្រទេសជាតិតាមរយៈការបញ្ចប់សង្គ្រាម នយោបាយឈ្នះៗដែលសម្ដេចតេជោលោកបានផ្ដើមគំនិត ហើយធ្វើឱ្យយើងមានសុខសន្តិភាពរហូតមកដល់ពេលនេះ»។

សម្ដេចបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទូទាំងប្រទេស ចាប់ពីថ្នាក់រាជធានីខេត្ត រហូតដល់ថ្នាក់ភូមិ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈរបស់អាជ្ញាធរថ្នាក់មូលដ្ឋាន រួមទាំងប្រមូលមតិយោបល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានាដើម្បីជំរុញការដោះស្រាយឱ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាពទៀតផង។

ជាមួយគ្នានោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានបន្តមានប្រសាសន៍អំពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាបន្តបន្ទាប់ដែលរហូតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនពាសពេញផ្ទៃប្រទេស រួមមានផ្លូវ ស្ពាន សាលារៀន ធារាសាស្ត្រ អគារបំពេញការងារនិងបំរើសេវាសាធារណៈ រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្ស។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងទិសដៅការងារបន្តដែលរដ្ឋបាលខេត្តព្រៃវែងត្រូវយកចិត្តទុកដាក់ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើកម្ពស់ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការរៀបចំព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងរៀបចំការបោះឆ្នោតឃុំសង្កាត់៕SRP