ខេត្តកំពង់ចាម៖លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានជំរុញលេីកទឹកចិត្តដល់ប្អូនៗ យុវវ័យទាំងអស់ ឲ្យខិតខំតស៊ូសិក្សារៀនសូត្រ ដេីម្បីក្រេបជញ្ជក់យកនូវចំណេះវិជ្ជាផ្សេងៗ ដែលជាការកសាងធនធានមនុស្ស ឲ្យក្លាយទៅជាអ្នកដឹកនាំពោរពេញ ទៅដោយសមត្ថភាព ចំណេះដឹង និងមានជុំនាញយ៉ាងពិតប្រាកដ សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្តទៀត។
ថ្លែងបែបនេះក្នុងវេទិកាពិគ្រោះយោបល់យុវជន ប្រធានបទស្តីពីការចូលរួមរបស់យុវជន និងសហគ្រិនស្ត្រីវ័យក្មេង ក្នុងភាពជាអ្នកដឹកនាំ និងការងារសង្គម ដែលបានធ្វេីឡេីងនៅសណ្ឋាគារភ្នំប្រុស ក្ក្រុងកំពង់ចាម នៅថ្ងៃអង្គារនេះ។
លោក ខ្លូត ចិន្តា ក៏បានជំរុញដល់យុវជនទាំងអស់ ត្រូវមានទំនុកចិត្ត និងផ្តល់ឱកាសឲ្យខ្លួនឯង ក្នុងការស្វែងរកភាពជោគជ័យ ដេីម្បីកសាងអនាគត ឲ្យក្លាយទៅជាអ្នកដឹកនាំដែលមានការរីកចម្រើនផងដែរ។
បេីតាមលោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ បានឲ្យដឹងថា ក្រោមជំនួយគាំទ្រ USAID តាមរយៈអង្គការផេកកម្ពុជា នៃគម្រោងសហគ្រិនស្ត្រីវ័យក្មេង និងម្ចាស់ជំនួយផ្សេងទៀតរបស់អង្គការដៃគូ យើងបានរួមគ្នាក្នុងការបង្កើនសមត្ថភាព ដល់យុវជន និងសហគ្រិនស្ត្រីវ័យក្មេង សរុបចំនួន ១០៤៧នាក់ យុវជនជាស្ត្រីចំនួន ៦៣៤នាក់ ដែលក្រុយុវជនមកពី អង្គការ AFD ១០០នាក់, NAS ៩១នាក់, BSDA ៨០១នាក់, SHE ៣០នាក់, និង PDP ២៥។ ក្នុងឆ្នាំ២០២១ កន្លងទៅ យុវជនទាំង១០៤៧នាក់ ទទួលបានការពង្រឹង សមត្ថភាពបន្ថែមពី ភាពជាអ្នកដឹកនាំ ជំនាញសម្របសម្រួល ការនិយាយជាសាធារណៈ ការសសេររបាយការណ៍ ការគៀងគរការគាំទ្រលើមតិ ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណែត និងការធ្វើ អាជីវកម្ម ជាដើម។
លោក សោម សុភ័ក្រ បានបន្តថា គម្រោងយេីងបានគាំទ្រដល់ក្រុមយុវជន និងសហគ្រិនស្ត្រីវ័យក្មេង ក្នុងការចូលរួមសិក្ខាសាលានានា ដើម្បីរៀនសូត្រនិងចែករំលែកពីបទពិសោធន៍ ការងារ ចំណេះដឹងពីគ្នាទៅវិញទៅមក តាមរយៈបណ្តាញយុវជនក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងបានចូលរួមកិច្ចប្រជុំក្នុងកិច្ចសន្ទាតុមូល វេទិកាពិគ្រោះយោបល់ ការដាក់ពិន្ទុលើសេវាពីសហគមន៍ ផ្ត ល់ជំនាញលើបំនិនជីវិតដូចជាបដិសណ្ឋារកិច្ច,ជួសជុលម៉ូតូ,ជួសជុលរថយន្ ត,ជួសជុលម៉ាស៊ីន ត្រជាក់,តំឡើងកាមេរ៉ាសុវត្តិភាព,កែសម្ផស្ស ជាងកាត់សក់, បង្កើតជាសហគមន៍កសិកម្មស្ត្រីវ័យក្មេង, ផ្តល់ដើមទុនវិនិយោគតាមរយៈ គម្រោងខ្នាតតូច, និងផ្ដល់ជាអាហារូបករណ៍ដល់សិស្សក្រីក្រ នៅតាមសហគមន៍ផងដែរ៕SRP

