ប៉ូលិសខេត្តសៀមរាបម្នាក់ រងការរិះគន់ថា ប្រើអំពើហិង្សាលើកូនក្មេង

0

ខេត្តសៀមរាប៖បុរសម្នាក់ដែលមានឯកសណ្ឋានជានគរបាល បានរងការរិះគន់ថា សង្ស័យបានប្រើអំពើហិង្សាទៅលើ កូនក្មេងហើយត្រូវបានបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះចែកចាយតៗនោះ ជាប៉ូលិសនៅការិយាក័យសន្តិសុខឯកជន នៃស្នងការនគរបាលខេត្តសៀមរាប។

ប្រភពពីមន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់សៀមរាបប៉ុស្ដិ៍ ថាបុរសរូបនេះ មានឋានៈនិងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស 71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ។ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ករណីនេះ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាទៅស្នងការនគរបាលខេត្តសៀមរាប ឲ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ផងដែរ។ ការបញ្ជារបស់អភិបាលខេត្តសៀមរាបធ្វើឡើង ក្រោយពីមានបណ្ដាញសង្គមហ្វេសប៊ុកបានផុសនិងចែករំលែកតៗគ្នា ហើយធ្វើការរិះគន់យ៉ាងខ្លាំងចំពោះនគរបាលខាងលើនេះដែលអាចប្រើហិង្សាទៅលើក្មេង។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់ សៀមរាបប៉ុស្ដិ៍ នៅល្ងាចថ្ងៃទី ២១ ខែមីនា ម្សិលមិញថា ចំពោះករណីខាងលើនេះស្នងការនគរបាលខេត្តសៀមរាប បានមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងបន្តនីតិវិធី។ ជាមួយនេះគ្នានេះ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះ ម្ដាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងចូលមកការិយាល័យជំនាញរួចហើយ និងកំពុងដំណើរការនីតិវិធី។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្ដាញសង្គម facebook មានការបង្ហោះនិងចែករំលែកតៗគ្នា ដោយលើកឡើងថាបុរសដែលពាក់ឯកសណ្ឋានជានគរបាលនេះ បានប្រើអំពើហិង្សាទៅលើក្មេងបណ្ដាលឱ្យរងរបួស ដោយករណីនេះទទួលនូវការរិះគន់យ៉ាងខ្លាំងពីមហាជន។

អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក លក្ខិណា វីរៈរិទ្ធ នៅឡើយទេ ជុំវិញការលើកឡើងចោទប្រកាន់បែបនេះ ហើយគេនៅពុំទាន់ឃើញ លោកលក្ខិណា វីរៈរិទ្ធ ចេញមុខបំភ្លឺនោះដែរ៕SRP