ភ្នំពេញ៖ក្នុងជំនួបចូលពិភាក្សាជាមួយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃអង្គារ នេះលោក ហ្សាហ៉ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យ លោកបានជួបសំដែងការគួរសម និងពិភាក្សានាពេលនេះ។
លោកបានគោរពជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រីថា លោមពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកបានជម្រាបជូនសម្តេចតេជោថា រយៈពេលជាងមួយខែកន្លងមកនេះ លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។ លោក បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសប៉ាគីស្ថាន ចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់ ក្នុងន័យនេះ លោកបានជម្រាបជូនសម្តេចតេជោថា បេសកកម្មការទូតរបស់លោកមកកាន់កម្ពុជានេះ នឹងបន្តសកម្មភាពដែលមានស្រាប់ផង នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះ លោក ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់លោក និងបានលើកទឹកចិត្តឲ្យ លោកពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងដែលអាចចាត់ទុកថា ជាវ័យចំណាស់មួយ រហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រី ក៏បានជម្រាបទៅ លោក ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ផងដែរថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីដ១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់អាហារូបករណ៍ជាបន្តទៀត ដល់ប្រទេសកម្ពុជា៕SRP

