អភិបាលសង្ឃឹមថា ជប៉ុននឹងចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិន

អភិបាលសង្ឃឹមថា ជប៉ុននឹងចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិន

ខេត្តបាត់ដំបង៖លោកសុខ លូ បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបងសង្ឃឹមថា រដ្ឋាភិបាលជប៉ុន នឹងបន្តជួយគម្រោងនេះឲ្យចេញជាសមិទ្ធផលជាក់ស្ដែង ហើយរដ្ឋបាលខេត្តបាត់ដំបង នឹងបន្តចូលរួមសហការជាមួយរដ្ឋាភិបាលជប៉ុនជានិច្ច ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគកាន់តែច្រើនឡើង និងជាពិសេសដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំដល់រដ្ឋាភិបាលជប៉ុន បន្តផ្សព្វផ្សាយដល់វិនិយោគិន ក្នុងប្រទេសជប៉ុនឲ្យមកវិនិយោគ ក្នុងខេត្តបាត់ដំបងឲ្យកាន់តែច្រើនឡើង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមួយ ព្រោះខេត្តបាត់ដំបង មានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះខេត្តបាត់ដំបងជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើនមិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៣ (JCC) សម្រាប់គម្រោងការសិក្សាផែនការមេ ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តបាត់ដំបង នៅថ្ងៃសុក្រនេះតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងតែខិតខំប្រឹងប្រែង ក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង បរិស្ថាន អនាម័យសាធារណៈ ដោយក្នុងនោះ ខេត្តបាត់ដំបងមានអាងសំរាម ដែលមានលក្ខណៈស្ដង់ដា នៅឃុំតាគ្រាម នៃស្រុកបាណន់ រៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្ម សម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ ក្នុងក្រុង ការទប់ស្កាត់ការរំលោភយកដីចំណីផ្លូវរបស់រដ្ឋ ការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារក្នុងក្រុងជាដើម៕SRP