សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី សង្ឃឹមថា អង្គការ SOS នឹងបន្តកិច្ចខិតខំជាមួយកម្ពុជាជាបន្តទៀត ក្នុងការជួយដល់កុមារកំព្រា និងកុមារដែលខ្វះការថែទាំនោះ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្តេចក៏បានសាងសង់មជ្ឈមណ្ឌលសម្រាប់កុមារីរងគ្រោះដោយការរំលោភបំពានពីឪពុក ហើយក៏បានសាងសង់សាលារៀនសម្រាប់កុមារពិការភ្នែក និងកុមារគថ្លង់ផងដែរ។
សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ នេះ។
នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបានធ្វើការងារច្រើនទាក់ទងទៅនឹងបញ្ហាកុមារ។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា នៅលើពិភពលោកមានកុមាររងគ្រោះជាច្រើនដោយហេតុការណ៍ផ្សេងៗ ដូចជាកម្ពុជាជាដើម ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាក៏បានបន្សល់នូវកុមារកំព្រាជាច្រើនផងដែរ។ តែក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជាពិតជាមានមោទនភាពចំពោះកិច្ចប្រឹងប្រែងក្នុងការជួយដល់កុមារកម្ពុជាជាបន្តបន្ទាប់ ដោយមិនទុកកុមាររងគ្រោះជាបន្តទៀតឡើយ។ ជាក់ស្តែងកុមារកំព្រានៅតាមភូមិកុមារ SOS មានកុមារជាច្រើន បានក្លាយទៅជាអ្នកមានជោគវាសនាល្អ មានចំណេះដឹង កើតចេញពីការចិញ្ចឹមបីបាច់ និងការផ្តល់នូវការអប់រំនៅទីនេះ។
សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គការកុមារ SOS បានក្លាយទៅជាវេជ្ជបណ្ឌិត ៦នាក់ ក្លាយជាវិស្វករ ៧នាក់បានក្លាយជាអ្នកបម្រើការនៅធនាគារ ៣នាក់ ក្លាយជាស្ថាបត្យករ ២នាក់ បានក្លាយជាអ្នករចនា និងជាច្រើននាក់ទៀត បានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួររាជរដ្ឋាភិបាលផងដែរ។
«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក៕SRP