សម្ដេចស ខេង៖ គណបក្សដែលបានលុបចេញពីបញ្ជី «ច្បាប់បានបើកសិទ្ធិឱ្យប្ដឹងជំទាស់ទៅនឹងការសម្រេចលុបនោះ»

សម្ដេចស ខេង៖ គណបក្សដែលបានលុបចេញពីបញ្ជី «ច្បាប់បានបើកសិទ្ធិឱ្យប្ដឹងជំទាស់ទៅនឹងការសម្រេចលុបនោះ»

ភ្នំពេញ៖សម្ដេចស ខេង បានលើកឡើងថា គណបក្សដែលបានលុបចេញពីបញ្ជីគណបក្សនយោបាយ តាមផ្លូវច្បាប់បានបើកសិទ្ធិឱ្យប្ដឹងជំទាស់ទៅនឹងការសម្រេចលុបនោះ ហើយចំពោះអ្នកអនុវត្តផ្ទុយនឹងច្បាប់ ក្រសួងមហាផ្ទៃបានចាត់តាំងអនុវត្តតាមនីតិវិធី ដោយបានប្ដឹងទៅស្ថាប័នតុលាការដើម្បីចាត់វិធានការបន្តតាមច្បាប់។

សម្ដេចបន្ត ថាករណីខ្លះ បាននិងកំពុងស្ថិតក្រោមសមត្ថកិច្ចតុលាការ ករណីខ្លះទៀតអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវ ខណៈករណីខ្លះទៀតក៏ស្ថាប័នតុលាការបានសម្រេចរួចរាល់ហើយដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស បានអនុញាតជូនលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃអង្គារនេះ។

សម្ដេចស ខេង ក៏បន្តថា មានគណបក្សនយោបាយ១៧ បានចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនេះ ហើយសម្ដេចតែងមានប្រសាសន៍ជារឿយៗ និងចេញសេចក្ដីណែនាំឱ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលការធ្វើសកម្មភាព របស់គណបក្សនយោបាយទាំងនោះ ដោយសម្ដេចក៏ស្វាគមន៍ទទួលយកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការងារនេះដែរ។

បើតាមសម្ដេច ចំពោះដំណើរឈានទៅឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២២ ការបោះឆ្នោតនេះគឺជាការបោះឆ្នោតអាណត្តិទី៥ ស្របតាមរដ្ឋធម្មនុញ្ញនិងជាការបង្ហាញពីឆន្ទៈរាជរដ្ឋាភិបាលក្នុងការខិតខំអនុវត្តកំណែទម្រង់ដើម្បីផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ៕SRP